ភ្នំពេញ ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិព្រីនស៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីប្រគល់ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងចំនួន ១៩៨ ដល់សាលារៀនក្នុងក្រុងព្រះសីហនុ ។ ពិធីប្រគល់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ និងមានការចូលរួមពីមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តជាច្រើនរូប។
ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងនឹងត្រូវចែកចាយក្នុងចំណោម ៩៩ ស្ថាប័ន រួមមានសាលាបឋមសិក្សាចំនួន ៧២ អនុវិទ្យាល័យ ១៨ និងវិទ្យាល័យចំនួន ៩ ជុំវិញខេត្តព្រះសីហនុ។ ពិធីប្រគល់នេះប្រព្រឹត្តទៅជាផ្នែកមួយនៃគម្រោងសុវត្ថិភាពសាលារៀនរយៈពេលប្រាំមួយខែដែលត្រូវបានអនុវត្តដោយមូលនិធិព្រីនស៍ អង្គការភ្លែនអន្តរជាតិហុងកុង និងអង្គការភ្លែនអន្តរជាតិកម្ពុជា។ គម្រោងនេះមានគោលបំណងធានាថាសិស្សានុសិស្សមានលទ្ធភាពទទួលបានកន្លែងអនាម័យត្រឹមត្រូវនៅពេលពួកគេត្រឡប់ទៅសាលារៀនវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ អនាម័យល្អក៏ត្រូវបានរំពឹងថានឹងជំរុញបរិយាកាសកាន់តែប្រសើរឡើង ដោយហេតុនេះលើកកម្ពស់ការសិក្សា និងគុណភាពនៃការអប់រំ។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា៖ «កុមារ សិស្សានុសិស្សជិត ៤០ម៉ឺននាក់ ដោយមានការបែងចែកស្មើៗគ្នារវាងក្មេងប្រុសនិងក្មេងស្រីនឹងអនុវត្តអនាម័យដៃឱ្យកាន់តែប្រសើរឡើងនៅក្នុងសាលារៀននានាក្នុងខេត្តព្រះសីហនុ ជាមួយនឹងស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងងាយស្រួលប្រើ និងសមរម្យដែលយើងបានផ្តល់ឲ្យ។
បើតាមប្រសាសន៍ លោក Gabriel Tan ជាមន្ត្រីទំនាក់ទំនងជាន់ខ្ពស់នៃព្រីនស៍ ហូលឌីង គ្រុប បានថ្លែងថា ឧបករណ៍នេះមិនត្រឹមតែជួយឲ្យសិស្សមានសុខភាពល្អ និងមានសុវត្ថិភាពពីជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្រសួងអប់រំ យុវជន និងកីឡាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ របស់ខ្លួន ពោលគឺធានាបាននូវគុណភាពអប់រំប្រកបដោយបរិយាប័ន្ន និងសមធម៌ រួមជាមួយនឹងឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»។
«យើងចង់ធានាបានថាសិស្សានុសិស្សនឹងលើកកម្ពស់អានាម័យដៃរបស់ខ្លួន ដែលជាកត្តាសំខាន់បំផុតសម្រាប់សុខភាពនិងសុវត្ថិភាពនៅសាលាបន្ទាប់ពីមានជំងឺរាតត្បាតជាសកល ហើយយើងមានក្តីសប្បាយរីករាយដែលមានឱកាសសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា»៕