ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានថ្លែងថា លទ្ធផលសម្រេចបាន ក្នុងការប្រឆាំងការសម្អាតប្រាក់នេះ គឺជាបេសកកម្មដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ហើយក៏ឆ្លើយតបតាមអនុសាសន៍របស់អន្តរជាតិ ផងដែរ។

ក្នុងកិច្ចប្រជុំលើកទី៤ របស់ គ.ស.ហ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ទោះបីមានការប្រឈមនឹងវិធានការបង្កាទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ និងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក៏ដោយ ក៏សម្ដេចសង្កេតឃើញថា ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់ គ.ស.ហ. បានខិតខំពេញភារកិច្ចយ៉ាងសកម្ម។
សម្ដេចមានប្រសាសន៍ថា «លទ្ធផលសម្រេចបានក្នុងការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទាន ដល់ការរីកសាយភាយអាវុធ មហាប្រល័យ គឺជាបេសកកម្ម ដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ និងក៏ឆ្លើយតបអនុសាសន៍របស់អន្តរជាតិ ដើម្បីធានាប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ ទៅតាមឆន្ទៈរបស់របស់រាជរដ្ឋាភិបាលផងដែរ»៕

