ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រាប់យុវជនកុំឱ្យជឿថា បារីអេឡិចត្រូនិក ជាមធ្យោបាយផ្ដាច់បារី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់យុវជន និងប្រជាជនទាំងអស់ កុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ជាមធ្យោបាយផ្ដាច់បារី ផ្ទុយទៅវិញបារីអេឡិចត្រូនិក នាំឲ្យអ្នកជក់បារីធម្មតា ឈានទៅរកការប្រើប្រាស់គ្រឿងញៀន នាពេលអនាគត ។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បារីអេឡិចត្រូនិច (e-cigarette) គឺជាប្រព័ន្ធបញ្ចូន សារធាតុនីកូទីន អេឡិចត្រូនិច រួមទាំងបារីអេឡិចត្រូនិច ដែលបញ្ជូនសារធាតុនីកូទីន អេឡិចត្រូនិច (Electronic Nicotine Delivery System-ENDS) និងបារីអេឡិចត្រូនិច ដែលប្រព័ន្ធបញ្ជូនសារធាតុ មិនមែននីកូទីនអេឡិចត្រូនិច (Electronic Non-Nicotine Delivery System-ENNDS)។ បារីអេឡិចត្រូនិចមានបរិមាណ នីកូទីនខុសៗគ្នា និងមានការបំភាយដែល បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

ក្រសួង បន្ដថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្តាលឲ្យញៀន បង្កផលប៉ះ ពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត ។ នៅពេលប្រើប្រាស់ បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិនីកូទីន ត្រូវបានស្រូបចូល ទៅក្នុងរាង្គកាយ ហើយចូលទៅ ក្នុងខួរក្បាលរបស់អ្នកជក់ ។ បារីអេឡិចត្រូនិច៩៩% មានផ្ទុក ជាតិនីកូទីន ។ ការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខូរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។

ក្រសួង បន្ថែមថា ការសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យយុវជន ក្លាយជាអ្នក ជក់បារីធម្មតា និងឈានទៅរកការ ប្រើប្រាស់គ្រឿងញៀន ផ្សេងទៀត នាពេលអនាគត ។ ការស្រូបចំហាយបារី អេឡិចត្រូនិច ដោយប្រយោលពីគេ ក៏ទទួលនូវគ្រោះថ្នាក់ ផងដែរ ដោយសារនៅក្នុងចំហាយ បារីអេឡិចត្រូនិចមានផ្ទុកនូវជាតិ នីកូទីន និង សារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន ការប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឲ្យស្ត្រីដែលមានផ្ទៃពោះ មានបញ្ហាដល់ការលូតលាស់ របស់ទារកព្រមទាំងបំផ្លាញ ការអភិវឌ្ឍសមត្ថភាព ខួរក្បាល របស់ទារកផងដែរ ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា «សូមអំពាវនាវដល់ យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិចជា មធ្យោបាយផ្ដាច់បារី បារីអេឡិចត្រូនិច គឺជាទំនោរផ្លូវនាំឲ្យយុវជន ក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់ គ្រឿងញៀនផ្សេងទៀត នាពេលអនាគត»៕

To Top