ព័ត៌មានជាតិ

ក្រុមប្រទេស​ BRICS មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបាន​ ក្នុងការពង្រឹងចលនា ​សេដ្ឋកិច្ចសកលលោក

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងថា​ ប្រ៊ីក​ BRICS ជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពលវិញ។

ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»​ នាយប់ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២២​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានរំលឹកថា​ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាមយោធា, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ, ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កត្តាទាំងនេះ បាននិងកំពុងបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្ម ដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និងផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

សម្ដេចតេជោ​ បានបញ្ជាក់ថា​ “ស្ថិតក្នុងបរិការណ៍ដែលការរីករាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ និងការខិតខំស្តារសេដ្ឋកិច្ច សកលលោកជាអាទិភាពចំពោះមុខនេះ​ ប្រ៊ីក​ BRICS ដែលជាមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

សម្តេចតេជោ បន្ថែមថា “ក្នុងន័យនេះ​ កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗក្នុងការបង្កើតវេទិកា សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។

សម្ដេចតេជោ​ មេីលឃេីញថា ត្រូវប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេសលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ, ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។

សម្ដេចតេជោ​ បញ្ជាក់ទៀត​ថា​ “ការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការអាទិភាពផងដែរ។ ក្នុងនោះយើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើន កិច្ចសហការក្នុងការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយប្រទេសមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល”។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានលើកឡើងថា​ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង, ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម។​ សម្ដេច​ ថា​ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរីដ-១៩ ប្រកបដោយបរិយាប័ន្ន, ចីរភាព និងភាពធន់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

To Top