ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ព្រំដែន ១៦% មិនទាន់បានខ័ណ្ឌសីមា និងបោះបង្គោល នៅតែជាការងារអាទិភាព សម្រាប់កម្ពុជា-វៀតណាម ជាពិសេសយើងត្រូវជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ៦% បន្ថែមទៀត ដែលថ្នាក់ដឹកនាំទាំងពីរ ឯកភាព គ្នារួច ឱ្យសម្រេចជោគជ័យឆាប់ៗខាងមុខ។
តាមរយៈបទសម្ភាសន៍ ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២ នាថ្ងៃទី២៤ មិថុនា លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រំដែនចំនួន១៦%ទៀតដែលមិនទាន់បានខ័ណ្ឌសីមា និងបោះបង្គោល នៅតែជាការងារអាទិភាព សម្រាប់ប្រទេសយើងទាំងពីរ។ ជាពិសេសយើងត្រូវជម្រុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនចំនួន ៦% បន្ថែមទៀត ដែលត្រូវបានថ្នាក់ដឹកនាំទាំងពីរ ឯកភាព គ្នារួច ឱ្យសម្រេចបានជោគជ័យក្នុងពេលឆាប់ៗ ខាងមុខ» ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ក្នុងកិច្ចការព្រំដែន ការកសាងព្រំដែនកម្ពុជាជាមួយ ប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍ ជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ពាក់ព័ន្ធនឹងការងារខ័ណ្ឌ សីមា និងការបោះបង្គោលព្រំដែនជាមួយវៀតណាម យើងសម្រេចបានវឌ្ឍនភាពការងារទៅដល់ ៨៤% ហើយយើងកំពុងតែខិតខំចរចារ ដើម្បីជម្រុញការងារនេះបញ្ចប់ឱ្យបានឆាប់។ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបើកច្រកព្រំដែន និងការគ្រប់គ្រងព្រំដែន កំពុងបន្តដំណើរការទៅមុខយ៉ាងរលូន។
ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ថា បច្ចុបន្ននេះ កម្ពុជាមានច្រកទ្វារព្រំដែនជាមួយវៀតណាមសរុបចំនួន៤៣ ក្នុងនោះមានច្រកទ្វារកំពង់ផែសមុទ្រចំនួន០៤ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន១៤ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន១៣ និងច្រកទ្វារតំបន់ចំនួន១២។ ថ្មីៗ នេះ ក្នុងពិធីសម្ភោធហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 សម្តេចតេជោយករដ្ឋមន្រ្តី បានប្រកាសថា ច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាមថ្មីមួយទៀត នឹងត្រូវបានបង្កើតឡើងនៅតំបន់នេះ។
លោកបន្ថែមថា ក្នុងឆ្នាំកន្លងទៅនេះ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង ទល់នឹងច្រកព្រំដែនអន្តរជាតិតឹនណាម ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានរដ្ឋាភិបាលទាំងពីរសម្រេចឱ្យដំណើរការក្នុងកម្រិតថ្នាក់ខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរ មុននឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្នុងពេលវេលាសមស្របនាពេលឆាប់ៗខាងមុខ។ ការបង្កើតផ្សារគំរូព្រំដែនកម្ពុជាវៀតណាម “ផ្សារដា” ក្នុងខេត្តត្បូងឃ្មុំ មិនត្រឹមតែចូលរួមចំណែកដល់កិច្ចជម្រុញពាណិជ្ជកម្មទ្វេភាគីតាមបណ្តោយព្រំដែនប៉ុណ្នោះទេ ប៉ុន្តែក៏ជាការជម្រុញអនុវត្ត ចក្ខុវិស័យរបស់សម្តេចតេជាក្នុងការអភិវឌ្ឍ និងប្រែក្លាយ តំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដើម្បីលើកកំពស់ជីវភាព សុខមាលភាព និងភាពសុខសាន្ត របស់ប្រជាជនរស់នៅតំបន់ព្រំដែនផងដែរ ៕