ទីក្រុងមែលប៊ន៖ ប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ប្រមាណ៧០០នាក់ ដែលជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) យ៉ាងឱឡារឹក និងប្រកបដោយភាពស្និទ្ធស្នាលដោយមានការចូលរួម ក្រោមអធិបតីភាពរបស់ ប្រធានគណៈកម្មាធិការគណបក្ស, ប្រធាន អនុប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ។
ថ្លែងក្នុងឱកាសនោះ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានលើកឡើង អំពីប្រវត្តិស្នាដៃសមិទ្ធិផលធំៗ របស់គណបក្ស ប្រជាជន កន្លងមក ។
ក្នុងនោះ លោកក៏បានលើកឡើង អំពី តួនាទី ភារកិច្ច របស់ សាខា បក្ស ទាំងអស់ ដែល ត្រូវមាន ភារកិច្ច ក្នុងការ អនុវត្តការងារ នយោបាយ ចាត់តាំង និងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ បងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសអូស្រ្តាលីទាំងអស់ និងអ្នកដែលកំពុងមានវត្តមាននៅទីនេះ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត។
លោក ឡាវ វ៉ាន់ ប្រធានតំបន់២ ទីក្រុងមែលប៊ន បានមានប្រសាសន៍ថា ការរៀបចំពិធី “អបអរសាទរខួប លើកទី៧១នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា” គឺបានប្រារព្ធមុនចំនួន ៥ថ្ងៃ នៃថ្ងៃកំណើតផ្លូវការ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២២ ។ លោកបានបន្ថែមថា ពិធីនេះរៀបចំឡើង ក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង និងបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យ ពីអាណានិគមបារាំង ក្រោយបង្កើតឡើង នៅឆ្នាំ១៩៥១។ជាពិសេស គឺគុណតម្លៃដ៏ធំធេង របស់បក្សក្នុងការរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែង រកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម តាមនយោបាយ ឈ្នះ ឈ្នះ និងការស្តារ អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ។
លោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្ស បានមានប្រសាសន៍ចូលរួមថា គណបក្សប្រជាជនបានរំដោះប្រទេសឱ្យចេញផុត ពីការកាប់សម្លាប់ ពីរបបប្រល័យពូជសាសន៍ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំនាវាកម្ពុជាឱ្យលេចមុខ លេចមាត់នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន គួរឱ្យកត់សម្គាល់។
ដូច្នេះ លោក បានស្នើដល់សមាជិកគណបក្សទាំងអស់ ត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅ ការសិក្សារៀនសូត្រការដើរតាមលំនាំរបស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីដណ្តើមយកសេចក្តីសុខសន្តិភាព សំរាប់ជាតិ និងប្រជាជន។ ម្យ៉ាងទៀតសមាជិក សមាជិកាទាំងអស់ ត្រូវតែចងចាំមិនភ្លេច ចំពោះគុណូបការៈរបស់យុទ្ធជន យុទ្ធនារី និងយកគំរូដ៏ប្រពៃទាំងនេះ មកអនុវត្តសំរាប់ការពារជាតិមាតុភូមិ និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ការពារជំនឿសាសនា និងរាល់អ្វីៗទាំងអស់ សំរាប់ភាពសុខដុមរមនា របស់ប្រជាពលរដ្ឋ៕