ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យអាជ្ញាធរទប់ស្កាត់ អ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលយកប្រាក់ពីបទល្មើសនេះ ទៅផ្ញើធនាគារ នាំឲ្យកម្ពុជា ក្លាយជាពណ៌ខ្មៅ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរទប់ស្កាត់ អ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលយកប្រាក់ពីបទល្មើស នេះ ទៅផ្ញើនៅធនាគារ នាំឲ្យធនាគារនៅកម្ពុជា ក្លាយជាពណ៌ខ្មៅ ខណៈបច្ចុប្បន្នកម្ពុជា កំពុងស្ថិតនៅពណ៌ប្រផេះ។

ក្នុងពិធីអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា បញ្ហាគ្រឿងញៀននេះ ក៏ជាបញ្ហាមួយផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលការណ៍ របស់អង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើភេវកម្ម និងការសម្អាតប្រាក់ ទប់ស្កាត់កុំឲ្យរីកសាយភាយអាវុធមហាប្រល័យ។

សម្ដេចបន្ដថា បទល្មើសគ្រឿងញៀន ជាបទល្មើសមួយដែលឧក្រិដ្ឋជន អាចស្រូបយកប្រាក់កម្រៃ និងធនធានជាច្រើន ដើម្បីយកទៅបម្រើកិច្ចការផ្សេងៗ។ សម្ដេចថា រហូតមកដល់ពេលនេះ កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសពណ៌ប្រផេះ ក្នុងបញ្ហាហិរញ្ញវត្ថុ។ សម្ដេចបន្ថែមថា ក្រុមការងារគណៈកម្មាធិការជាតិប្រ យុទ្ធប្រឆាំងការសម្អាតប្រាក់របស់កម្ពុជា ក៏បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងនេះ។

សម្ដេចបញ្ជាក់ថា «កាលណាយើងបណ្ដែតបណ្ដោយ ឲ្យធនាគារយើងធ្លាក់ចូលទៅក្នុងបញ្ជីខ្មៅ គឺយើងពិតជាមានហានិភ័យធំណាស់ សម្រាប់សេដ្ឋកិច្ច សម្រាប់នយោបាយ នៃព្រះរាជាណាចក្រកម្ពុជា»។

សម្ដេចបញ្ជាក់បន្ថែមថា «យើងរឹបអូសបាននូវសាធាតុញៀន ប៉ុន្ដែយើងអត់ទាន់ស្រាវជ្រាវដល់ឬគល់ ម្ចាស់ក្រុមហ៊ុននោះ មានរោងចក្រនៅណា មានដីធ្លីប៉ុន្មាន មានផ្ទះសម្បែងប៉ុន្មាន មានលុយកាសដាក់នៅធានាគារប៉ុន្មាន។ ជូនអីអ្នករកស៊ីគ្រឿងញៀនយកលុយដាក់ធនាគារ ហើយបណ្ដាយទៀត ធនាគារនឹងទៅជាពណ៌ខ្មៅ។ បើធនាគារជាតិ ពណ៌ខ្មៅហើយ ធនាគារទាំងអស់ គឺខ្មៅហើយ បើខ្មៅហើយ យើងដកលុយអត់បានទេ។ ដកបាន ប្រើរយៈពេលយូរ គេត្រូវត្រួតពិនិត្យយ៉ាងត្រឹមត្រូវ នៃប្រភពថវិកានោះ តើត្រឹមត្រូវ ឬមិនត្រឹមត្រូវ នេះហើយជាបញ្ហា»។

លើសពីនេះ សម្ដេច ស ខេង ក៏បានលើកឡើងថា ប្រជាពលរដ្ឋ ចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពិតជាមានសារៈសំខាន់ ព្រោះមានតែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលយល់ និងដឹងច្បាស់ពីបញ្ហាដែលបាននិងកំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជា នៅក្នុងគ្រួសាររបស់ពួកគាត់ ហើយការចូលរួមរបស់ពួកគាត់ អាចជួយឆ្លើយតប ឬធ្វើអន្តរាគមន៍ទៅបានរលូន ចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់។

សម្ដេច ក៏បានណែនាំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ទាំងអស់ ត្រូវពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិត នៅជាប់ និងធ្វើការជាមួយពួកគាត់រាល់ថ្ងៃ ឲ្យយកចិត្តទុកដាក់ និងធ្វើសកម្មភាពឲ្យកាន់តែសកម្ម និងឲ្យបានជាប់ជាប្រចាំថែមទៀត ដើម្បីលើកកម្ពស់ការចលនាឲ្យកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ/ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

To Top