ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារី នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា ទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅ កាន់តែទូលំទូលាយ

ភ្នំពេញ: នៅក្នុងឱកាសសំណេះសំណាល ជាមួយកុមារី នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា ជាង៣០០នាក់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា កាយឫទ្ធិនារីកម្ពុជា បានយកចិត្តទុកដាក់ ចំពោះការលើកកម្ពស់គុណតម្លៃ និងការចូលរួមរបស់យុវតី កុមារី នៅក្នុងការអភិវឌ្ឍសង្គម។

លោកស្រី បញ្ជាក់ថា កុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា នឹងមានឱកាសទទួលបាននូវការឧបត្ថម្ភ ទាំងផ្នែកបញ្ញាស្មារតីសម្ភារៈ ចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា ការចូលជាសមាជិក របស់សមាគមកាយឫទ្ធិនារីកម្ពុជាគឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ ទាំងជីវិតការងារ និងការងារ សង្គម ផ្តល់ឱកាសនិងលទ្ធភាព ធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម ។ លើសពីនេះកុមារី យុវតី និងសមាជិក របស់សមាគម ត្រូវបានបណ្ដុះបណ្ដាលភាព ជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បីក្លាយជាធនធានដ៏ល្អ ជួយអភិវឌ្ឍប្រទេសជាតិ ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ ត្រូវបានជំរុញ លើកទឹកចិត្ត ឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោក របស់សមាគមកម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា។

លោក Scott Nisson ស្ថាបនិកអង្គការ មូលនិធិកុមារកម្ពុជា បានថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី និងថ្នាក់ដឹកនាំសមាគម កាយឫទ្ធិនារីកម្ពុជា ដែលបានយកចិត្តទុកដាក់និងដកឱកាសដល់កុមារីនៅក្នុងអង្គការ ដើម្បីឱ្យពួកគេមានការ អភិវឌ្ឍខ្លួនបានល្អនៅក្នុងសង្គម ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាគមកាយឫទ្ធិនារីកម្ពុជាលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារា កុមារី នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី ព្យាបាល និងសកម្មភាពផ្សេងៗទៀត៕

To Top