ព័ត៌មានជាតិ

សៀវភៅ ស្តីពីប្រវត្តិបេក្ខជន នាយករដ្ឋមន្រ្តី ត្រូវបានចេញផ្សាយ ជាសាធារណៈ

ភ្នំពេញ: អ្នកនិពន្ធសៀវភៅ ឆាយ សុផល អ្នកសារព័ត៌មាន នៅថ្ងៃចន្ទនេះ បានចេញសៀវភៅថ្មីមួយ មានចំណងជើងថា “កូនប្រុសច្បង នាយករដ្ឋមន្រ្តី – ដំណើរឆ្ពោះទៅបន្តវេន – ហ៊ុន ម៉ាណែត” ដែលផ្តោតលើប្រវត្តិសកម្មភាព របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តី។

លោក ឆាយ សុផល បានប្រាប់អ្នកសារព័ត៌មាន ថា សៀវភៅនេះ បានបង្ហាញពីប្រវត្តិផ្ទាល់ខ្លួនពិស្តារបន្ថែម និងសកម្មភាពការងារចាស់ថ្មី ទាំងក្នុងវិស័យអាណាចក្រ និងសាសនាចក្រ ។

លោកបន្តថា ដោយប្រមូលនិងសន្សំឯកសារ ទុកជាច្រើនឆ្នាំ និងដោយមានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការផ្តល់ព័ត៌មាន បន្ថែមពីសម្តេចផង លោកក៏ បានចេញផ្សាយសៀវភៅនេះឡើង ដើម្បីទុកជាឯកសារជំនួយស្មារតី ស្តីពីប្រវត្តិ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រៀមខ្លួន ធ្វើជាប្រមុខរដ្ឋាភិបាល ទៅថ្ងៃអនាគត។

នៅក្នុងសៀវភៅ ដែលមានជាង៣០០ទំព័រ លោក ឆាយ សុផល បានដកស្រង់ប្រសាសន៍ សម្តេចតេជោ ដោយសម្តេចបញ្ជាក់ថា ម៉ាណែត បានធ្វើកិច្ចការច្រើន និងហត់ណាស់ ព្រោះ ម៉ាណែត បានបំពេញកិច្ចការយ៉ាងច្រើន ជំនួសសម្តេចទាំងក្នុង វិស័យអាណាចក្រនិងពុទ្ធចក្រ ហើយសូម្បីតែគោលនយោបាយបឹងទន្លេសាប នាពេលកន្លងមក ថ្មីៗនេះ ក៏ ម៉ាណែត បានជួយ សម្តេច ផងដែរ។

សម្តេចតេជោ ក៏បានលើកឡើងពីចរិតដូចគ្នានិងខុសគ្នាមួយចំនួនរវាង សម្តេច និង ម៉ាណែត ផងដែរក្នុងការដឹកនាំ នេះបើតាមការអះអាងរបស់អ្នកនិពន្ធ ឆាយ សុផល។

សៀវភៅក៏បានដកស្រង់ ប្រសាសន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរស្តីពីប្រវត្តិនិងអារម្មណ៍ផ្ទាល់ខ្លួន ក្រោយពីបានក្លាយជាបេក្ខជននាយករដ្ឋមន្រ្តី និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបំពេញកិច្ចការ ដ៏ធំធេងនាពេលខាងមុខ។

ទាក់ទិននឹងសំបុត្រសម្ងាត់របស់ ម៉ាណែត ដែលបានផ្ញើឱ្យពុកម៉ែ កាលពីឆ្នាំ១៩៩៤ ខណៈកំពុងរៀននៅអាម៉េរិក ហើយត្រូវបាន សម្តេចតេជោ បង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គឺ ម៉ាណែត សរសេរថា ខ្លួនចង់ធ្វើជាអ្នកបើកយន្តហោះ ហើយមូលហេតុដែលនាំឱ្យ ម៉ាណែត ចង់បើកយន្តហោះ គឺមានការពិពណ៌នានៅក្នុងសៀវភៅនោះដែរ ហើយថា តើលោកឪពុកនិង អ្នកម្តាយមានអារម្មណ៍បែបណា នៅពេលកូនប្រុសប្រាប់ពីរឿងនេះ ។

គួរបញ្ជាក់ថា សៀវភៅនេះត្រូវបានបោះពុម្ពចំនួន២ម៉ឺនច្បាប់ ដោយមានដាក់នៅតាមបណ្ណាល័យខ្លះ និងបណ្ណាគារខ្លះ ព្រមទាំងចែកជូនសាកលវិទ្យាល័យមួយចំនួន និងយុវជន និស្សិតនៅរាជធានី-ខេត្ត ដើម្បីស្វែងយល់ពីអ្នកបន្តវេន។

លោក ឆាយ សុផល ក៏បានថ្លែងអំណរគុណចំពេះសម្តេតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ និងលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលបានគាំទ្រឱ្យមានសៀវភៅនេះឡើង។

លោក សុផល បន្តថា ការចេញសៀវភៅនេះក៏ដើម្បីអបអរសាទរខួបលើកទី៧១នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) និងថ្ងៃកំណើតគម្រប់៤៥ឆ្នាំ ឈានចូល៤៦ឆ្នាំ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណេត ដែលត្រូវនឹងថ្ងៃទី២០ ខែតុលា ខាងមុខ។

To Top