ព័ត៌មានជាតិ

ឃុំខ្លួនជំនួយការ លោកឧកញ៉ាម្នាក់ ពាក់ព័ន្ធនឹងការឆរបោកប្រាក់ ជាង២១ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ បុរសសង្ស័យម្នាក់ ដែលជាជំនួយការផ្ទាល់ លោកឧកញ៉ា ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២២នេះ សម្រេចចាប់ខ្លួន និងបញ្ជូនខ្លួនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត និងឆរបោក ដោយសង្ស័យថា គាត់បានកិបកេង និងធ្វើឲ្យបាត់បង់ប្រាក់ ចំនួនជាង២១ម៉ឺនដុល្លារអាមេរិក ពី ភាគីដើមបណ្ដឹង នៅក្នុងរឿងក្តី ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១ ។

យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ មានតួនាទី ជាជំនួយការឧកញ៉ាម្នាក់ និង មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: លោភលើទំនុកចិត្ត និង ឆរបោក តាមបញ្ញត្តិ មាត្រា ៣៩១, ៣៩២, ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។

គាត់ត្រូវបានចាប់ឃាត់ខ្លួន ដោយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ តាមដីកាបង្គាប់របស់តុលាការ៕

ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top