ព័ត៌មានជាតិ

កម្ពុជា-អាល្លឺម៉ង់ សង្ឃឹមថា ទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ នឹងត្រូវបានរក្សា និងពង្រឹងបន្ថែមទៀត

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចប់អាណត្តិប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរ នឹងត្រូវបានរក្សា និងពង្រឹងបន្ថែមទៀត ។

ការសម្ដែងនូវក្ដីសង្ឃឹមព្រមគ្នាបែបនេះ ធ្វើឡើងក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក Christian Berger កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ នាទីស្ដីការក្រសួងការបរទេសខ្មែរ ។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុត សម្រាប់ឥស្សរជនបរទេស ។ ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត Christian Berger បានសម្តែងនូវមោទកភាព និងសេចក្តីសោមនស្សរីករាយជាខ្លាំង ចំពោះការទទួលបានមេដាយសហមេត្រី និងបានកោតសរសើរ ចំពោះទំនាក់ទំនងដ៏ល្អ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Christian Berger បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ រួមទាំងការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជាការរៀបចំកិច្ចពិភាក្សា ពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅរាជធានីភ្នំពេញ កាលពីដើមឆ្នាំនេះ ដែលជាសញ្ញាជំរុញទឹកចិត្តក្នុងទិសដៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសង្ឃឹមថា «ទំនាក់ទំនងដ៏ល្អនេះ នឹងត្រូវបានរក្សា និងពង្រឹងបន្ថែមទៀត»។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញ ពីការស្វាគមន៍យ៉ាងកក់ក្តៅ និងជំនួបរវាងលោក និងលោកស្រីរដ្ឋមន្រ្តីការបរទេស Annalena Baerbock ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ របស់លោកទៅកាន់ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយដែលភាគីទាំងពីរ បានមានកិច្ចពិភាក្សាយ៉ាងល្អ អំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍រួមគ្នា ៕

To Top