បច្ចេកវិទ្យា

សូមបង្កើនការប្រុងប្រយ័ត្ន ជាមួយអ៊ីមែលក្លែងក្លាយ ទាក់ទងទៅនឹងការបំពាន រក្សាសិទ្ធិ (Copyright)

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព បច្ចេកវិទ្យាបានរកឃើញថា ក្រុមជនខិលខូច កំពុងតែព្យាយាមដំឡើង កម្មវិធីជំរិតទារប្រាក់ LockBit តាមរយៈអ៊ីមែល ដោយធ្វើការចោទប្រកាន់ អ្នកប្រើប្រាស់ទាក់ទង ទៅនឹងការបំពានរក្សាសិទ្ធិ។

អ្នកប្រើប្រាស់ ដែលទទួលបានអ៊ីមែលទាំងនេះ ត្រូវបានព្រមានអំពីការបំពានច្បាប់រក្សាសិទ្ធិ ដោយចោទប្រកាន់ថា បានប្រើឯកសារដោយគ្មានអាជ្ញាប័ណ្ណ ពីអ្នកបង្កើត។ អ៊ីមែលទាំងនេះ ទាមទារឲ្យអ្នកទទួល លុបខ្លឹមសាររំលោភបំពាន ចេញពីកុំព្យូទ័រ ឬគេហទំព័ររបស់ពួកគេ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខនឹងផ្លូវច្បាប់។

នៅក្នុងខ្លឹមសាររបស់អ៊ីមែល ជនខិលខូចមិនបានកំណត់ថា ឯកសារណាត្រូវបានប្រើប្រាស់ ដោយខុសច្បាប់នោះទេ ហើយទាមទារឱ្យអ្នកទទួល ទាញយកនិងបើកឯកសារ ដែលបានភ្ជាប់ ដើម្បីមើលខ្លឹមសារ នៃការរំលោភបំពាន។ ឯកសារភ្ជាប់គឺជា ឯកសារហ្ស៊ីប ដែលការពារដោយពាក្យសម្ងាត់ ហើយក្នុងនោះ ក៏មានឯកសារ PDF ក្លែងក្លាយ ដែលមានកម្មវិធីដំឡើង NSIS ផងដែរ។ ហេតុផលដែរជនខិលខូចទាមទារ ឲ្យជនរងគ្រោះប្រើលេខសម្ងាត់ ដើម្បីបើកឯកសារនោះ គឺដើម្បីជៀសវាង ពីប្រព័ន្ធការពារ មេរោគរបស់កម្មវិធីអ៊ីមែល។

ប្រសិនបើជនរងគ្រោះបើកឯកសារ “PDF” ដើម្បីមើលរូបភាពដែលត្រូវបាន ប្រើដោយខុសច្បាប់នោះ កម្មវិធីមេរោគនិងធ្វើការអ៊ីនគ្រីប ឧបករណ៍របស់ជនរងគ្រោះ ជាមួយនឹងកម្មវិធីជំរិតទារប្រាក់ LockBit 2.0។

ដូច្នេះ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាអ្នកប្រើប្រាស់ គួរតែជៀសវាងបើកឯកសារ ដែលបានផ្ញើតាមរយៈអ៊ីមែល សារ SMS ឬប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ៕

To Top