ភ្នំពេញ ៖ ស្វាយ ជាជំងឺកាមរោគមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរ ស្ទើរតែភ្លេចឈ្មោះទៅហើយនោះ ពេលនេះ ត្រូវបានមន្ត្រីសុខាភិបាលអះអាងថា កំពុងតែកើតឡើងវិញទៅលើស្រ្តីមានផ្ទៃពោះ និងមានឆ្លងដល់ទារកគួរឲ្យព្រួយបារម្ភផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ។
ជំងឺដែលបាត់វត្តមានអស់រយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានរកឃើញ នៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យ គន្ធបុប្ផាទី៣ ខេត្តសៀមរាប ចំនួន៣៣ករណី នៅលើស្ត្រីមានផ្ទៃពោះមកសម្រាលកូន និងទារកទើបនឹងកើតចំនួនមាន១១ករណី ក្នុងរយៈពេលជាង១ខែ ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២២ ។ នេះជាលើកដំបូងសម្រាប់មន្ទីរពេទ្យ ខណៈពីមុនមកមានម្នាក់ ឬពីរនាក់ប៉ុណ្ណោះ ដែលពិនិត្យឃើញមានជំងឺស្វាយ ។ នេះបើតាមលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ។
បន្ទាប់ពីងើបឡើងវិញ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចុះពិនិត្យមើលស្ថានភាពអ្នកជំងឺ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ការរកឃើញជំងឺកាមរោគប្រភេទស្វាយនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញក្តីបារម្ភ និងជំរុញឲ្យគ្រូពេទ្យត្រូវយកចិត្តទុកដាក់ ព្យាបាលអ្នកជំងឺប្រភេទនេះ ដើម្បីកុំឲ្យចម្លងទៅអ្នកដទៃ។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា “នេះជាការកើតរើឡើងវិញនូវជំងឺស្វាយជាប្រភេទជំងឺកាមរោគ ដែលយើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសជាដាច់ខាត” ។
រដ្ឋមន្ត្រីថា បញ្ហានេះក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ និងពិភាក្សាជាមួយមជ្ឈមមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើរស្បែកនិងកាមរោគ ដើម្បីបន្តការអប់រំដល់ប្រជាពលរដ្ឋដើម្បីការពារ ទប់ស្កាត់ការឆ្លងឡើងវិញនៃជំងឺនេះ។
ជំងឺស្វាយ បង្កដោយបាក់តេរី Treponema Pallidum បើមិនបានព្យាបាលត្រឹមត្រូវ អាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនទៅថ្ងៃក្រោយ ដូចជា រលាកសន្លាក់ ប៉ះពាល់ខួរក្បាល ឬខ្វាក់ភ្នែក។ ករណីចម្បងនាំឲ្យឆ្លងជំងឺស្វាយ ដោយសារប៉ះពាល់ដំបៅអ្នកមានជំងឺនេះ។ ដំបៅទាំងនោះមាននៅផ្នែកខាងក្រៅលិង្គ ទ្វារមាស និងរន្ធគូទ។ ពេលខ្លះ ដំបៅអាចមានលើបបូរមាត់ និងក្នុងមាត់តែម្តង ហើយករណីឆ្លងភាគច្រើន តាមរយៈការរួមភេទគ្រប់ទម្រង់។ ចំពោះស្រ្តីៗកំពុងពពោះ អាចចម្លងជំងឺនេះ ទៅកាន់កូនក្នុងផ្ទៃបាន ។ ហេតុនេះទើបគ្រូពេទ្យត្រូវការពិនិត្យរកជំងឺ មុនសម្រាលលើកដំបូង។ ការពិនិត្យអាចធ្វើឡើងនៅត្រីមាសទី៣ និងមុនពេលសម្រាល។ គភ៌អាចប្រឈមហានិភ័យស្លាប់កូនក្នុងពោះ និងស្លាប់អំឡុងឆ្នាំដំបូងក្រោយសម្រាល បើម្តាយមានជំងឺនេះ។ ក្នុងករណីកូននៅរស់ អាចឆែបមុខ ឆែបមាត់ ឬលូតលាស់ធម្មតាក្តី នៅតែទាមទារការព្យាបាលជាចាំបាច់ ចៀសវាងផលលំបាកទៅថ្ងៃក្រោយ ៕