ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា នឹងអាចជម្នះផលវិបាក ផ្នែកសេដ្ឋកិច្ចបង្កឡើង ដោយកូវីដ ទោះជំងឺនេះ មិនទាន់រលាយសាបសូន្យ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងអាចជម្នះផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច បង្កឡើងដោយជំងឺកូរីដ-១៩ ទោះបីជំងឺនេះ មិនទាន់រលាយសាបសូន្យពីផែនដីក៏ដោយ។

នាឱកាសអញ្ជើញប្រារព្ធពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា រយៈពេលជាង២ឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។

សម្ដេចតេជោបន្ដថា ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ កម្ពុជាអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិនឲ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះឲ្យកម្ពុជា អាចដំណើរការបើកប្រទេសឡើងវិញលើគ្រប់វិស័យបាន។

សម្ដេចតេជោបញ្ជាក់ថា «យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាក ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូរីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពី ផែនដីនេះក៏ដោយ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថា នឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ ខាងមុខ»។

លើសពីនេះ សម្ដេចតេជោឲ្យដឹងទៀតថា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាម វិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឲ្យបានគ្រប់ៗគ្នា៕

To Top