ព័ត៌មានជាតិ

ចិន ថ្វាយអំណរព្រះគុណព្រះរាជវង្សានុវង្សកម្ពុជា ប្រទានព្រះរាជទ្រព្យ ដល់តំបន់ខាងត្បូងប្រទេសចិន ជួបគ្រោះទឹកជំនន់

ភ្នំពេញ ៖ រដ្ឋាភិបាល និងប្រជាជនចិន បានថ្វាយសារថ្លែងអំណរព្រះគុណ ព្រះរាជវង្សានុវង្សកម្ពុជា ដែលបានសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជទ្រព្យ ដល់តំបន់ខាងត្បូងប្រទេសចិន ដែលជួបគ្រោះទឹកជំនន់ ។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។

ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេសចិន នាថ្ងៃទី២៦ ខែមិថុនា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ក្នុងនាមជាមិត្តដែកថែបចិន-កម្ពុជា តែងប្រកាន់ខ្ជាប់នូវប្រពៃណីគាំទ្រ និងជួយគ្នាទៅវិញទៅមក ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា នៅពេលចិនជួបបញ្ហាគ្រោះធម្មជាតិ ព្រះអង្គទាំងទ្វេតែងសព្វព្រះទ័យ ប្រោសព្រះរាជទាននូវជំនួយដ៏ថ្លៃថ្លា ជូនដល់ភាគីចិនជាច្រើនដងច្រើនសារ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា ជំនួយដ៏ថ្លៃថ្លាដែលព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាននាលើកនេះ បានឆ្លុះបញ្ចាំងពីមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុតរបស់រាជវង្សកម្ពុជា ចំពោះប្រជាជនចិន និងបានបង្ហាញកាន់តែរស់រវើក ពីស្មារតីសហគមន៍វាសនារួមរវាងប្រទេសទាំងពីរ។ ភាគីចិនវាយតម្លៃខ្ពស់ និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ៕

To Top