ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំដល់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្ត ដកកម្ពុជា ចេញពីបញ្ជីពណ៌ប្រផេះ ខណៈសម្ដេចថា បើសិនមិនដកចេញទេ បានន័យថា ធនាគារជាតិនៃកម្ពុជា នឹងមានឧបសគ្គ ក្នុងប្រតិបត្តិការធនាគារ ។
ការលើកឡើងរបស់ សម្ដេច ស ខេងបែបនេះ ក្រោយពីក្រុមការងារ ហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការ តាមដានក្នុងឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធ នឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធ មហាប្រល័យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង ណែនាំសមត្ថកិច្ចត្រូវស្រាវជ្រាវដល់ឬគល់ នៃប្រភពថវិកា ដីធ្លី ទ្រព្យសម្បត្តិ ជាដើម ក្រោយបង្ក្រាបជនល្មើសរកស៊ីគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាកុំឲ្យទ្រព្យ សម្បត្តិទាំងអស់នេះ ទៅបម្រើអំពើភេរវកម្ម ឬអំពើនានា ដូច្នេះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដប្រយុទ្ធប្រឆាំង អំពើទាំងនេះផងដែរ ។
សម្ដេចរំលឹកថា បច្ចុបន្នអន្ដរជាតិ បានចាត់ទុកកម្ពុជាក្នុងបញ្ជីប្រផេះ។ សម្ដេចបន្ដថា បើសិនបញ្ជីប្រផេះនេះ មិនត្រូវបានដកចេញពីកម្ពុជានោះទេ មានន័យថា ធនាគារជាតិ នៃកម្ពុជា នឹងជួបឧបសគ្គ ក្នុងប្រតិបត្តិការធនាគារ។
សម្ដេចមានប្រសាសន៍ថា «បើសិនបញ្ជីប្រផេះនេះ មិនត្រូវបានដកចេញពីកម្ពុជាទេ បានន័យថា ធនាគាររបស់របស់យើង វានឹងមានឧបសគ្គ ក្នុងប្រតិបត្តិការធនាគារ ។ ទាំងនេះហើយជាបញ្ហាដែលយើងរួមគ្នា ដើម្បីនឹងប្ដេជ្ញាដកកម្ពុជា ចេញបញ្ជីប្រផេះនេះ ហើយទាំងអស់គ្នាមានភារៈកិច្ច ដើម្បីចូលរួមទាំងអស់គ្នា មិនពឹងទៅលើតែគណៈកម្មាធិការ ឬសមត្ថកិច្ចដែលមានពាក់ព័ន្ធទាំងអស់នោះទេ។ និយាយជារួម ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ សុទ្ធតែមានការពាក់ព័ន្ធ» ។
លើសពីនេះ សម្ដេច ស ខេង បញ្ជាក់ទៀតថា គោលដៅធំបំផុត គឺប្ដេជ្ញាដកកម្ពុជា ចេញពីបញ្ជីពណ៌ប្រផេះនេះ កាលណាក្រសួង-ស្ថាប័នមួយចំនួន មិនយកចិត្តទុកដាក់ គឺមិនអាចទទួលបានជោគជ័យឡើយ ក្នុងប្រយុទ្ធប្រឆាំងសម្អាតប្រាក់ ព្រោះថា «ត្រូវធ្វើការងារជាក្រុម» ៕