នយោបាយ

ប្រេសិតពិសេសប្រធានអាស៊ាន ដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ច ការងារលើកទី២ នៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន ៥ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន ប្រេសិតពិសេសរបស់ ប្រធានអាស៊ាន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ាលើកទី១ កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ឈានទៅដល់ការបញ្ចប់អំពើហិង្សា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ មិថុនា បានឲ្យដឹងថា អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន លោក ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជ រដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ ។

ដំណើរទស្សនកិច្ចលើកទីពីររបស់ ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាព នៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌ របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការ បង្កើតបរិយាកាសអំណោយផល សម្រាប់ដំណើរការសន្ទនា នយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ៕

To Top