ភ្នំពេញ ៖ ចំពោះការចេញរបាយការណ៍ អំពីសិទ្ធិមនុស្សនៅកម្ពុជា រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (NGOs) ត្រូវបានជជែកវែកញែកគ្នា នៅក្នុងវេទិកា ស្តីពី វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌ នៅកម្ពុជា រវាងមន្រ្តីជាន់ខ្ពស់ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមអង្គការ សង្គមស៊ីវិល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។ ក្នុងវេទិកានេះ ត្រូវបានលោក ជិន ម៉ាលីន ជាអនុប្រធាន និងអ្នកនាំពាក្យ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានលើកឡើងយោង តាមការស្រាវជ្រាវថា ការចេញរបាយការណ៍អំពីសិទ្ធិមនុស្ស មានភាពខុសគ្នា រវាងភាគីទាំង២ អាចដោយសារសង្គមស៊ីវិល ធ្វើអ្វីទៅតាមការចង់បានរបស់ម្ចាស់ជំនួយ ។
ប៉ុន្តែចំពោះការលើកឡើងរបស់លោក ជិន ម៉ាលីនេះ ត្រូវបាន លោក អំ សំអាត ខាងតំណាងអង្គការ មកពីអង្គការលីកាដូ បដិសេធ។
ក្នុងវេទិការៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលទើបតែចាប់ផ្តើម ជាលើកដំបូងជា មួយក្រុមអង្គការនេះ មានការចូលរួមពីអង្គការលីកាដូ អាដហុក និងអង្គការ តម្លាភាពកម្ពុជា ។ បើតាមលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកថា បានអញ្ជើញអង្គការ ជាច្រើនស្ថាប័នឲ្យចូលរួម តែជាលទ្ធផលមានតែអង្គការ៣នេះ ទេដែលមានវត្តមាន ។
ក្នុងវេទិកាជាង៣ម៉ោងនេះ ភាគច្រើនច្រើនបានសួរដេញដោលគ្នា ទៅលើបញ្ហា សិទ្ធិមនុស្សច្រើនជាងវិស័យយុត្តិធម៌ ។ ក្នុងនោះ សំណួររបស់អ្នកព័ត៌មាន បានចោទសួរថា ភាគច្រើនការចេញរបាយការណ៍ របស់រាជរដ្ឋាភិបាលនិង NGOs មានភាពខុសគ្នា ។
ចំពោះសំណួរនេះ ត្រូវបានលោក ជិន ម៉ាលីន អះអាងបានមកពីការស្រាវជ្រាវថា អាចមកពីអង្គការសង្គមស៊ីវិលធ្វើអ្វីទៅតាមការចង់បានរបស់ម្ចាស់ជំនួយ ទើបមិនដូចខាងរាជរដ្ឋាភិបាល ។ លោកសង្កត់ធ្ងន់ថា “ខ្ញុំមិនសន្និដ្ឋានជំនួសអង្គការសង្គមស៊ីវិលទេ ប្រហែលអាចដឹងច្បាស់ ការធ្វើសកម្មភាព វាស្របតាមទិសដៅរបស់ម្ចាស់ជំនួយ ឬមួយប្រទេសដែលផ្តល់ជំនួយ ដែលគេមានលក្ខខណ្ឌស្អី ខ្លះក្នុងការកំរិតនូវសកម្មភាព របស់អង្គការ សង្គមស៊ីវិលនីមួយៗ ពីព្រោះថា បើមិនធ្វើសកម្មភាពទៅ តាមការកំណត់របស់គេ ប្រហែលជាអត់បានFund(ជំនួយ)ទទួលមកទេ” ។
ជាការឆ្លើយតប លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើល នៃអង្គការលីកាដូ បានលើកឡើងថា ក្នុងនាមជាអង្គការមួយ ដែលមានសកម្មភាពខ្លាំងក្លា ខាងសិទ្ធិមនុស្សដែរនោះ គឺមិនធ្វើតាមបង្គាប់បញ្ជា របស់ម្ចាស់ជំនួយ ដែលខុសពីលក្ខន្តិកៈរបស់អង្គការ តម្កល់នៅក្រសួងមហាផ្ទៃទេ ។
លោកបន្តថា “អង្គការលីកាដូយើង មិនបានធ្វើតាម ទោះបីជាម្ចាស់ជំនួយបរទេស ក៏ដោយ ក៏យើងមិនធ្វើតាមការបង្គាប់ បញ្ជាណាមួយ ដែលខុសពីឆន្ទៈទៅនឹងលក្ខខណ្ឌ របស់អង្គការលីកាដូ និងគោលនយោបាយ របស់អង្គកាលីកាដូទេ ។ បើសិនជាមានលក្ខន្តិកៈខុស គឺយើងអត់ទទួលយកជំនួយនោះទេ ព្រោះវាផ្ទុយអំពីលក្ខន្តិកៈក៏ដូចជាគោល នយោបាយរបស់អង្គការ” ។
ចំពោះការលើកឡើងរបស់អង្គការ២ផ្សេងទៀត ក៏មិនខុសពីការអះអាងរបស់លោក អំ សំអាតដែរ គឺមានលក្ខណៈដូចគ្នា ។
សម្រាប់អះអាង របស់អង្គការសង្គមស៊ីវិលទាំង៣នេះ ត្រូវបានទទួលការសាទរ ពីលោក ជិន ម៉ាលីន ផងដែរ ។ លោកថា លោកសប្បាយចិត្ត ដែលអង្គការធ្វើតាមលក្ខខណ្ឌតម្កល់ នៅក្រសួងមហាផ្ទៃ ដោយមិនចំណុះឲ្យម្ចាស់ជំនួយ ។
សូមបញ្ជាក់ថា នាពេលកន្លងមក ការចេញរបាយការណ៍ ស្តីពីសិទ្ធិមនុស្សកម្ពុជា រវាងរាជរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល មានការខុសគ្នារហូត ពោរគឺបាច់ទឹកដាក់គ្នាទៅវិញទៅមក ដែលភាគច្រើនខាងសង្គមស៊ីវិល ដាក់បន្ទុកទៅរាជរដ្ឋាភិបាលថា បានគៀបសង្កត់លើផ្នែកសិទ្ធិមនុស្ស ហើយខាងរាជរដ្ឋាភិបាលក៏បានច្រានចោល៕