ភ្នំពេញ៖ លោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា កម្ពុជាដើរជាគំរូ នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ជាពិសេសក៏ជាប្រទេសគំរូ ក្នុងការតាមដានវិភាគ និងឆ្លើយតបទាន់ពេលវេលា ទៅនឹងការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។
ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត Takeshi kasai បានទទួលស្គាល់វីរភាពដឹកនាំ របស់សម្ដេចតេជោក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងសកម្ម របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។
លោកក៏បានសាទរ សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាដើរជាគំរូនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជន ។ កម្ពុជាជាប្រទេសគំរូ ក្នុងការតាមដានវិភាគ និងឆ្លើយតបទាន់ពេលវេលា ទៅនឹងការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែក បទពិសោធន៍ដល់ប្រទេសដទៃផងដែរ»។
លោកក៏បានរំលឹក និងថ្លែងអំណរគុណសម្តេចតេជោ បានអនុញ្ញាត្តឲ្យកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។ ទន្ទឹមនឹងនោះផងដែរ នៅពេលកម្ពុជាអនុញ្ញាត ឲ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឲ្យកប៉ាល់ផ្សេងទៀត ចូលចតផងដែរ។ ពេលនោះមានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រ ដែលមានកន្លែងចូលចត។ លោកបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិត របស់ប្រជាជនដែលជាប់ នៅលើកប៉ាល់នាពេលនោះ។
លោកក៏បានប្ដេជ្ញាចិត្តធ្វើការ ជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការ ប្រើប្រាស់ថ្នាំជក់ផងដែរ ។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក Takeshi kasai ដែលបានរំលឹកអំពីវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោបានចែករំលែក បទពិសោធន៍ពីការចាក់វ៉ាក់សាំង តាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជាកំពុងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះការចាក់ត្រឹមតែ ដូសមូលដ្ឋាន មិនគ្រប់គ្រាន់ សម្រាប់ទប់ស្កាត់ជំងឺកូវីដ ។
ចំពោះការចុះចតកប៉ាល់ westerdam វិញសម្តេចថា ប្រសិនបើកម្ពុជា មិនឲ្យចូលចតទេ នោះប្រជាជននៅលើនោះ នឹងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់ មិនមានជំងឺកូវីដ។ ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ ៕