ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសចិនតៃវ៉ាន់ជាប់ចោទម្នាក់ ដាក់គុក កំណត់១៨ ខែ តែ ការអនុវត្តទោស នៅក្នុងពន្ធនាគារ ត្រឹមតែ ៨ ខែ ប៉ុណ្ណោះ ទោស នៅសេសសល់ ត្រូវព្យួរទាំងអស់ និង បង្គាប់អោយសងលុយ ចំនួន ១៤៤៤៩ ( ជាង១ម៉ឺន ៤ពាន់) ដុល្លារ អាមេរិក ទៅបុរសចិនម្នាក់ ដែលជាភាគី ដើមបណ្តឹង នៅក្នុងសំណុំរឿងក្តីនេះ។
លោកទិត្យ សុទ្ធី បូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹង នៅក្នុងអង្គការសវនាការថា: ជនជាប់ចោទរូបនេះ មានឈ្មោះ Cheng Sung Huang ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជាជនជាតិតៃវ៉ាន់។
លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ Cheng Sung Huang ត្រូវបានតំណាងអយ្យការចោទប្រកាន់ពី បទឆបោក និង បទប្តឹងបរិហារដោយភូតកុហកដល់អាជ្ញាធរតុលាការ តាមបញ្ញត្តិមាត្រា ៣៧៧, ៣៧៨ និង ៥២៤ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២។
ជនជាប់ចោទត្រូវបានឃុំខ្លួន នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១៕
ដោយ: លីហ្សា