ភ្នំពេញ៖ ថ្លែងពីលើវេទិកា នៃពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការទស្សន៍ទាយទុកជាមុន ក្នុងន័យចំអកទៅកាន់ វិទ្យុអាស៊ីសេរីនិងក្រុមប្រឆាំង ថា នឹងយកប្រធានបទនៃរឿងនាឡិកា របស់សម្ដេចទៅធ្វើអត្ថាធិប្បាយ។
ការថ្លែងរបស់សម្ដេចតេជោបែបនេះបន្ទាប់ពីសង្កេតឃើញ វិទ្យុដែលមាននិន្នាការប្រឆាំងនឹងរាជ រដ្ឋាភិបាលកម្ពុជា និងក្រុមបក្ខពួកមួយចំនួន តែងតែលើកយកប្រធានបទនៃការចាយវាយ ទៅលើសម្ភារៈនិយម ក៏ដូចជាទ្រព្យសម្បត្តិរបស់មេដឹកនាំកំពូលៗកម្ពុជា យកទៅធ្វើការវែកញ៉ែក ដេញដោលជាប់ជាប្រចាំ។
សម្ដេចតេជោបន្តថា “ដោយសារថ្ងៃនេះ ឃើញថាខ្ញុំតឺនុយ ហើយនាឡិកាសទៀត ច្បាស់ហើយអាពួកហ្នឹង(ក្រុមប្រឆាំង) យកទៅធ្វើអត្ថាធិប្បាយទៀត។ ថ្ងៃនេះលោក ហ៊ុន សែន ទៅជាស្ទាវអីណា។
សម្ដេចបញ្ជាក់ថា “នាឡិកានេះសម្រាប់វាយ កូនហ្គោល គេផលិតសម្រាប់កីឡា ហើយវាអាចចុះទៅក្នុងទឹកជម្រៅ ទៅដល់២០ម៉ែត្រដែលវាមិនចូលទឹក ហើយដោយសារថ្ងៃហ្នឹងមកចំទឹក ខ្ញុំក៏ពាក់អានឹងមក”។
ជាមួយនឹងការណែនាំឲ្យបញ្ចូល រូបពាក់នាឡិកា ទៅក្នុងប្រព័ន្ធ Instagram សម្ដេចតេជោ ហ៊ុន សែន ក៏បានចំអកឲ្យវិទ្យុអាស៊ីសេរី ដែលចូលចិត្ត និងតែងតែយករូបនាឡិកា របស់សម្ដេច សម្រាប់ធ្វើជាការវាយប្រហារ លើទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំកម្ពុជា៕