ភ្នំពេញ ៖ ខណៈប្រេងឡើងថ្លៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឲ្យប្រជាពលរដ្ឋ មានលុយល្មមៗ គួរចាប់ផ្តើមផ្លាស់ប្តូរទិញ រថយន្តប្រើប្រាស់អាគុយ ឬអគ្គិសនីវិញ ដូចជារថយន្តម៉ាកព្រុស (PRIUS)។
ថ្លែងក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបងប្អូនយល់ថាចាំបាច់ ហើយអ្នកមានលុយល្មមៗ គួរតែចាប់ផ្តើមផ្លាស់ប្តូរ ពីឥឡូវទៅនោះ គឺការប្រើប្រាស់ឡានប្រើអាគុយ ឬអគ្គិសនីវិញ ដូចជា ឡានម៉ាកPRIUS ដែលអាចប្រើអាគុយផង និងប្រេងផង»។
សម្តេចលើកឡើងថា ការប្រើប្រាស់ឡានប្រភេទនេះ អាចកាត់បន្ថយការចំណាយលើប្រេង ទោះបីជាមានការ ធ្វើដំណើរយឺតិចក្តី ។ សម្តេចថា «ខ្ញុំមើលឃើញផលប្រយោជន៍ ២យ៉ាងគឺទី១. ការកាត់បន្ថយការចំណាយលើថ្លៃសាំង និងទី២.កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។អីញ្ចឹងទេអ្នកមានលុយទិញ អាចអាព្រុសនិងឡានប្រើអាគុយ ឬអគ្គិសនី»។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានឲ្យស្ថានីយ៍ប្រេងឥន្ធនៈត្រូវតែមានកន្លែងសម្រាប់សាក់អាគុយ។
ក្នុងឱកាសនោះដែរ សម្តេចបានលើកឡើងថា “អ្វីដែលខ្ញុំសូមធ្វើការអធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋ គឺបញ្ហាប្រេងឡើងថ្លៃ ។ ប្រេងឡើងថ្លៃគឺ ជាផលវិបាកលើ ពិភពលោកទាំងមូលតែម្តង ហើយបញ្ហាប្រេង និងឧស្ម័ន ឡើងថ្លៃគឺផ្តើមចេញ ពីវិបត្តសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនតែម្តង”។
សម្តេចតេជោបានលើកឡើងថា តាមតួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថា តម្លៃឧស្ម័នហ្គាសឡើង៣៥.៨% ។
សម្តេចក៏បានឲ្យដឹងថា នៅកម្ពុជាមានម៉ូតូជាង៤លានគ្រឿង ហើយក្នុងមួយថ្ងៃ បើគិតប្រើសាំងមួយលីត្រ ក៏អស់សរុប៤លានលីត្រដែរ៕