នយោបាយ

លោក ប្រាក់ សុខុន ជួបប្រធានក្រុមការងារមីយ៉ាន់ម៉ា ទទួលបន្ទុកជំនួយមនុស្សធម៌ ពិភាក្សាប្រធានបទសំខាន់ៗ៤

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម -វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក វ៉ុនណា ម៉ោងល្វីន និងលោក កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ា ទទួលបន្ទុកជំនួយមនុស្សធម៌ ។

កិច្ចប្រជុំទាំងពីរបានផ្តោតលើ ប្រធានបទសំខាន់ៗជាច្រើន រួមមាន ៖ ១.សារៈសំខាន់ នៃការបេ្តជ្ញាចិត្ត របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការ អនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចរបស់ អាស៊ានទៅមុខបន្ថែមទៀត ។ ២.ស្ថានការណ៍នយោបាយ នៅមីយ៉ាន់ម៉ា ។ ៣.ការតាមដានលទ្ធផលនៃ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ ជាពិសេសភាពចាំបាច់ក្នុងការ បង្ហាញប្រទេស សមាជិកអាស៊ាន និងសហគមន៍អន្តរជាតិនូវវឌ្ឍនភាពដែលសកម្ម និង ជាក់ស្តែងបន្ថែមទៀត នៅក្នុងការអនុវត្តក្របខ័ណ្ឌ ដែលសម្រេច បានក្នុង កិច្ចប្រជុំពិគ្រោះយោបល់នោះ និង៤ .វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេស របស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ អាចចូលរួមក្នុងការងារ មនុស្សធម៌ ដែលដឹកនាំដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន ការវាយតម្លៃ តម្រូវការរួមនៅក្នុងតំបន់ ដែលពិបាកទៅដល់ផងដែរ ៕

To Top