ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ដាក់គោលការណ៍ ៤ ចំណុច ពាក់ព័ន្ធការប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី នៅក្នុង ៨ ក្រុង ស្រុក

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២នេះ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំ ពិគ្រោះយោបល់បច្ចេកទេស រវាងមន្ទីរបរិស្ថានខេត្ត និងក្រុមហ៊ុនស៊ីនទ្រី ក្នុងការប្រមូលសំរាមនៅក្នុង ៨ ក្រុង ស្រុក នៃខេត្តកំពង់ចាម ។

បើតាម លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងចំណោមក្រុងស្រុកទាំង ១០ នៃខេត្តកំពង់ចាម មានតែក្រុងកំពង់ចាម និងផ្នែកខ្លះនៃស្រុកកំពង់សៀម ដែលមានក្រុមហ៊ុនផ្តល់សេវាប្រមូល ដឹកជញ្ជូនសំរាម សំណល់រឹង ដែលអនុវត្តដោយក្រុមហ៊ុនស៊ីនទ្រី ។ ក្រៅពីនោះ តាមបណ្ដាទីប្រជុំជនស្រុក ផ្សារ ការប្រមូល និងដឹកជញ្ជូនសំរាម គឺអនុវត្តដោយគណ:អាជីវករផ្សារ ឬ អ្នកម៉ៅកាភាស៊ី ដែលសកម្មភាព ផ្តល់សេវារបស់ពួកគាត់ មិនទាន់មានលក្ខណៈសមស្របដូចជា៖ មិនមានកិច្ចសន្យា “ មធ្យោបាយ និងទីលានច្បាស់លាស់នោះទេ។ លុះមកដល់ថ្ងៃទី ១៤ មិថុនា ២០២២ ក្រុមហ៊ុន ស៊ីនទ្រី បានស្នើសុំធ្វើការផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមសំណល់រឹង ទីប្រជុំជន ក្នុងភូមិសាស្ត្រ ស្រុកមួយចំនួនក្នុងខេត្តកំពង់ចាមរួមមាន៖ ស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កងមាស ស្ទឹងត្រង់ និងចំការលើ បន្ថែមលើក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលមានស្រាប់ ។

ទាក់ទិនទៅការស្នើសុំ របស់ក្រុមហ៊ុនស៊ីនទ្រីខាងលើនោះ បន្ទាប់ពីបានប្រជុំពិភាគ្សាគ្នា ជាមួយអ្នកពាក់ព័ន្ធមួយព្រឹក អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់គោលការណ៍ចំនួន ៤ ចំណុចដូចខាងក្រោមនេះ ៖

ទី១ ៖ អនុញ្ញាតឲ្យរដ្ឋបាលក្រុង ស្រុក ចុះហត្ថលេខាលើកិច្ចសន្យា ដោយផ្ទាល់ជាមួយក្រុមហ៊ុនស៊ីនទ្រី ប៉ុន្តែកិច្ចសន្យា ត្រូវមានអនុលោមភាពពីរដ្ឋបាលខេត្ត ។

ផ្ទាំងពាណិជ្ជកម្ម

ទី២ ៖ ក្នុងកិច្ចសន្យាតម្រូវឱ្យក្រុមហ៊ុនស៊ីនទ្រី អនុវត្តកិច្ចសន្យា ក្នុងកម្រិតសាកល្បង ៦ខែ ។

ទី៣ ៖ សូមស្នើផ្ដល់ប្រធានមន្ទីរបរិស្ថានខេត្ត ឲ្យមានការជួបគ្នាដោយផ្ទាល់ និងដោយឡែករវាងរដ្ឋបាលក្រុងស្រុកទាំង ៨ ដោយធ្វើការពិភាក្សាគ្នាឱ្យបានលម្អិតបន្ថែមទៀត ទៅលើផែនការគ្រប់គ្រងសំរាម ការវេចខ្ចប់ ការទុកដាក់ ក្នុងកម្រិតណាមួយដែលអាចទទួលយកបានរវាងភាគីទាំង២ និងការយកកម្រៃ ។ សូមឲ្យមានការតាមដាន ត្រួតពិនិត្យ ក្នុងការប្រមូលសំរាមរបស់ក្រុមហ៊ុនសុីនទ្រី ។

ទី៤ ៖ រដ្ឋបាលក្រុងស្រុកត្រូវសហការជាមួយអាជ្ញាធរឃុំ សង្កាត់ ដើម្បីបង្កើនការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ អំពីការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមទីកន្លែងដែលបានកំណត់ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានស្នើរឲ្យប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម ជម្រុញដោះស្រាយបញ្ហាទីលានចាក់សម្រាម នៅស្រុកស្រីសន្ធរ ដោយធ្វើការសិក្សាវាយតម្លៃបច្ចេកទេសឲ្យបានច្បាស់លាស់ ដើម្បីលើកយោបល់ដាក់ទៅក្រសួងបរិស្ថាន មានមូលដ្ឋានក្នុងការសម្រេចនៃការរៀបចំ ៕

To Top