ព័ត៌មានជាតិ

ឆមាសទី១ អាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យពលរដ្ឋ ក្នុងតំបន់អង្គរ ជួសជុលផ្ទះ និងសាងសង់សំណង់ ស្រាលចំនួន ៦៨៣សំណើ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល ចំនួន ៦៨៣សំណើ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ កក្កដានេះ បានឱ្យដឹងថា «លទ្ធផលការងារ សហគមន៍របស់ អាជ្ញាធរជាតិអប្សរា នៅឆមាសទី១ ឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ ស្រុក/ក្រុង ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន ៩២៧សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៦៨៣សំណើ» ។

អាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាន៖ នៅស្រុកប្រាសាទបាគងចំនួន ៩៧សំណើ, ស្រុកអង្គរធំចំនួន ៤៣សំណើ, ស្រុកពួកចំនួន ១៥២សំណើ និងក្រុងសៀមរាបចំនួន ២៦៩សំណើ, ស្រុកបន្ទាយស្រីចំនួន ១១៩សំណើ និងក្រៅតំបន់រមណីយដ្ឋានអង្គរចំនួន ៣សំណើ សរុបចំនួន ៦៨៣សំណើ។

អាជ្ញាធរជាតិអប្សរា បានបន្ថែមថា ជាក់ស្តែង មានបញ្ហាប្រឈមមួយចំនួន ដូចជា៖ ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ។ ការប្រកាសលក់ដី ក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងការដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។

លើសពីនេះ ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។ សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

To Top