ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ “កម្រងព័ត៌មានជាតិ លើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្តីពី សុវត្ថិភាពសារធាតុគីមី នៅកន្លែងធ្វើការ” ។

លោកបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងអំណរគុណ ចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពពាក់ព័ន្ធក្រោមឱវាទ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការនិយោជក និងអង្គការកម្មករនិយោជិត អង្គការជាតិ និងអង្គការអន្តរជាតិ ក្រៅរដ្ឋាភិបាល ពាក់ព័ន្ធនានា ដែលបានផ្តល់កិច្ចសហការ និងគាំទ្រ ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ ក្នុងរៀបចំឯកសារ ដ៏មានសារៈសំខាន់នេះ ។

លោកបញ្ជាក់ថា “នៅថ្ងៃនេះ គឺជាការឆ្លុះបញ្ជាំង នូវការបេ្តជ្ញាចិត្ត ជាមួយនិងសា្មរតីទទួលខុសត្រូវ ខ្ពស់របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្រេចឱ្យបាន និងការឆ្លើយតប ទៅនឹងការអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងផែនមេលើកទី២ ស្តីពីសុវត្ថិភាព និង សុខភាពការងារ ឆ្នាំ២០១៨-២០២២ ដែលក្រសួង បានដាក់ចេញ ដើម្បីឈានឆ្ពោះ ទៅសម្រេចឱ្យបាននូវគោល នយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភា” ។

គួរបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ និងបោះពុម្ភផ្សាយកម្រងព័ត៌មាន ស្តីពីសុវត្ថិភាព និងសុខភាពការងារលើកទី១ កាលពីឆ្នាំ២០១១ ដែលជាឯកសារជាលើកដំបូង បង្ហាញអំពីព័ត៌មាន និងការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារ នៅក្នុងប្រទេសកម្ពុជា ដោយមានការចូល រួមផ្តល់ព័ត៌មាន និង ធាតុចូលពីគ្រប់ភាគីដែលធ្វើការពាក់ព័ន្ធ នឹងសុវត្ថិភាព និងសុខភាពការងារ ក្រោមការឧបត្ថម្ភ ពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ ។ ដោយមានកិច្ចសហការ ជាមួយគម្រោងសុវត្ថិភាព និង សុខភាពការងារ នៃអង្គការអន្តរជាតិជប៉ុន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចងក្រងកម្រង ព័ត៌មានជាតិលើកទី២ នេះឡើង នៅក្នុងឆ្នាំ២០១៩ ដើម្បីធ្វើបច្ចុប្បន្នភាពឡើងវិញអំពីព័ត៌មាន និងការអភិវឌ្ឍនានា ពាក់ព័ន្ធនឹងសកម្មភាពសុវត្ថិភាព និងសុខភាពការងារ នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើឯកសារកម្រងព័ត៌មានលើកទី១ និងការប្រមូលទិន្នន័យ ព័ត៌មាន និងធាតុចូលនានាពីគ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធក្រោម ឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការនិយោជក និងអង្គការកម្មករនិយោជិត និងអង្គការក្រៅរដ្ឋាភិបាល ពាក់ព័ន្ធនានាដែលធ្វើការការងារ ទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងារ។

ជាមួយគ្នានេះដែរ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថិភាព សារធាតុគីមីនៅកន្លែងធ្វើការ ក្នុងគោលបំណង ដើម្បីកាត់បន្ថយកត្តាហានិភ័យសារធាតុគីមី សំដៅធានាសុវត្ថិភាព កម្មករនិយោជិត និងអ្នកប្រើប្រាស់ សារធាតុគីមី ផលិតផលគីមី ទាំងអស់ នៅកន្លែងធ្វើការ ដោយមានការគាំទ្រផ្នែកបច្ចេកទេស ពីអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារក្នុង វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ។

លោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាន នាយកដ្ឋានពេទ្យការងារ បញ្ជាក់ដូច្នេះថា ៖ ” អ្វីដែលសំខាន់ក្រសួង ចង់ឲ្យនិយោជកទាំងអស់ នៅពេលដែលប្រើប្រាស់ កម្មករនិយោជិត ត្រូវតែយកចិត្តទុកដាក់ ចំពោះកម្មករនិយោជិត របស់ខ្លួនឲ្យបានល្អ ពីព្រោះពួកគាត់ គឺជាទ្រព្យ របស់រោងចក្រសហគ្រាស អ៊ីចឹងត្រូវធ្វើម៉េច ឲ្យគាត់មានសុវត្ថិភាព មានសុខភាពល្អ ដើម្បីគាត់នឹងខិត ខំបំពេញការងារ ឲ្យមានផលិតភាពខ្ពស់ ទៅដល់រោងចក្រសហគ្រាស ។ ដោយឡែកកម្មករខ្លួនឯង ក៏ត្រូវតែយកចិត្តទុកដាក់ដែរ ចំពោះសុវត្ថិភាព សុខភាពរបស់ខ្លួន ករណីដែលកម្មករ ណាម្នាក់រងគ្រោះ គឺប៉ះពាល់ដល់ខ្លួនឯង ដល់ក្រុមគ្រួសារ ដល់សង្គមជាតិទាំងមូល ដូច្នេះយើងត្រូវមានប្រព័ន្ធ គ្រប់គ្រង សុវត្ថិភាព និងសុខភាពការងារ មួយឱ្យបានត្រឹមត្រូវ ហើយកម្មករខ្លួនឯង ក៏ត្រូវតែអនុវត្តឲ្យបានល្អ តាមវិធានណែនាំ របស់រាជរដ្ឋាភិបាលផងដែរ” ៕



