ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹងចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន មីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ កក្កដា បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» នឹងក្លាយជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេស MLC ធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ កិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមក រវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅក្នុងកាលៈទេសៈ នៃការគំរាមកំហែង ពិភពលោកដែលមិនធ្លាប់មានពីមុនមក។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំខាងលើលោក ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្តីការបរទេស MLC ដទៃទៀត ក៏នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធ អាគារអង្គភាពសម្របសម្រួលជាតិនៃ MLC របស់ប្រទេសមីយ៉ាន់ម៉ា ផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាហ្កាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រំពឹងថានឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេស MLC ផ្សេងទៀត សំដៅ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ MLC សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់ ៕

To Top