ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ ។
កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ១.វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់ អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA), ២.ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន និង៣.តួនាទីរបស់គណៈកម្មាធិការ សាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់។
បន្ទាប់ពីជំនួបនេះ ប្រេសិតពិសេសនៃប្រធានអាស៊ាន អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានបន្តជួបជាមួយតំណាងអង្គការ ប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើ ស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធីដែលមីយ៉ាន់ម៉ា អាចជំរុញការចរចាសន្តិភាពទៅមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជន ទាំងអស់នៅក្នុងប្រទេស។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាស ពន្យល់អំពីការអនុវត្តដ៏ជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ៕