ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ​ផ្ញេីសារអបអរសាទរ ខួប៧១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក របស់អង្គការយូណេស្កូ (UNESCO)

ភ្នំពេញៈ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅថ្ងៃទី​ ៣​ខែ​ កក្កដា​ ឆ្នាំ​២០២២នេះ ​បាន​ផ្ញេីសារអបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក របស់អង្គការយូណេស្កូ (UNESCO)។ 

តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានលេីកឡេីងថា​អង្គការយូណេស្កូ គឺជាផ្នែកមួយ របស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។ អង្គការនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥  អង្គការនេះ ធ្វើបេសកកម្មពិសេស ក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

សម្ដេចតេជោ​បន្ថែម​ថា​កម្ពុជា បានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ យូណេស្កូនៅកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ សម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយ ឆ្ពោះទៅសម្រេចបាននូវរបៀបវាៈ នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០។

សម្ដេច​បន្តទៀត​ថា​បន្ទាប់ពីតំបន់អង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិមួយ សម្រាប់ការអភិរក្ស និងការអភិវឌ្ឍតំបន់ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៣។ ការបង្កើត ICC-Angkor គឺកើតចេញពីលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ដើម្បីទទួលស្គាល់តំបន់អង្គរទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា​ ប្រាសាទរបស់កម្ពុជាចំនួន៣ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈមហាសន្និបាទ អង្គការយូណេស្កូនេះ រួមមាន៖ ប្រាសាទអង្គរ ត្រូវបានដាក់ជា សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសម្បូរព្រៃគុក នៅឆ្នាំ២០១៧។

ចំណែកសម្បត្តិវប្បធម៌អរូបិយ របស់កម្ពុជាចំនួន៥ ក៏ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូផងដែរ រួមមាន៖ ល្ខោនខោល ដាក់បញ្ចូលនៅឆ្នាំ២០១៨, ចាប៉ីដងវែង នៅឆ្នាំ២០១៦, ល្បែងទាញព្រ័ត្រ នៅឆ្នាំ២០១៥, របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៨ និងល្ខោនស្រមោលស្បែកធំ នៅឆ្នាំ២០០៨។ ជាមួយគ្នានេះ គុនល្បុក្កតោ ក៏ត្រូវបានស្នើឲ្យយូណេស្កូ ពិចារណាដើម្បីដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយផងដែរ៕

To Top