ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន បានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឲ្យទំនាក់ទំនងទ្វេភាគី របស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅចំណុចខ្ពស់បំផុត ។

ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ កក្កដា ។

ក្នុងជំនួបនោះ ប្រមុខការទូតកម្ពុជា-ចិន បានជួបពិភាក្សាប្រកបដោយផ្លែផ្កា លើប្រធានបទផ្សេងៗ ។ ភាគីទាំងពីរក៏បានឆ្លៀតឱកាស ផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ ៕


