ព័ត៌មានជាតិ

គម្រោងជួសជុល កំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត សម្រេចបានជាង ៧៥ភាគរយ (Video)

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងជួសជុលកំពង់ទឹក របស់ស្ពានហាល នៃប្រាសាទអង្គរវត្ត ក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា របស់ប្រទេសជប៉ុន បានឈានដល់ដំណាក់កាល សម្រេចប្រមាណ ៧៥ភាគរយហើយ រហូតមកដល់ពេលនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក​ របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។

លោក អន សុភាពបុរាណវិទូ និងជាប្រធានក្រុមការងារ ជួសជុលស្ពានហាលអង្គរវត្ត បានបញ្ជាក់ថា គម្រោងជួសជុលកំពង់ទឹក របស់ស្ពានហាល នៃប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមរយៈពេលជាង ៦ខែមកនេះ បានធ្វើការងារជាច្រើនដូចជា រៀបជញ្ជាំង ចាក់បេតុង បុកបង្ហាប់ដីនៅគ្រឹះរបស់កំពង់ទឹកឡើងវិញ ជាដើមនោះ គឺបានឈានទៅដល់ជិតរួចរាល់។

អ្នកជំនាញរូបនេះ បន្តថា ការងារជួសជុលកំពង់ទឹកនេះ គឺដំណាក់កាលដំបូង ត្រូវសិក្សាស្រាវជ្រាវ វាយតម្លៃលើការខូចខាត និងវិធីសាស្រ្តជួសជុល តាំងពីឆ្នាំ២០២១មក ចំណែកឯសកម្មភាពជួសជុល បានចាប់ផ្តើមកាលពីដើម ឆ្នាំ២០២២ ហើយកំពុងបន្ត រហូតមកដល់សព្វថ្ងៃនេះ។

អ្នកជំនាញនៃការងារជួសជុលរូបនេះ បន្តឲ្យដឹងទៀតថា កំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត មានការខូចខាតជាខ្លាំង ជាពិសេសរចនាសម្ពន្ធ របស់កំពង់ទឹកផ្នែកខាងជើង។ ចំណែកគ្រឹះផ្នែកត្រង់ របស់ស្ពានហាល និងកំពង់ទឹកវិញ គឺថ្មបាយក្រៀមមានសភាព ពុកផុយខ្លាំង តាំងពីកាំថ្មទី១ដល់កាំទី៤។ ជញ្ជាំងផ្នែកខាងជើង របស់ស្ពានហាលទ្រុឌទ្រោមខ្លាំង បានរលុះធ្លាក់ចូលទៅក្នុង កសិន្ធុស្ទើរតែទាំងស្រុង។

លើសពីនេះ ជញ្ជាំងផ្នែកខាងលិច និងខាងកើតក៏មានសភាព ហែកចេញពីគ្នាដែរ។ ក្នុងការងារជួសជុលកំពង់ទឹក របស់ស្ពានហាល នៃប្រាសាទអង្គរវត្តឡើងវិញនេះ គឺតម្រូវឱ្យរុះរើជញ្ជាំង ផ្នែកខ្លះដែលពុកផុយខ្លាំង ហើយចាក់បេតុងផ្នែកខាងក្នុង ដើម្បីពង្រឹងគុណភាពជញ្ជាំងឡើងវិញ។ រីឯផ្នែកខាងត្បូងដែលខិតជិត មកផ្នែកត្រង់របស់ស្ពានហាល គឺជញ្ជាំងនៅមានស្ថានភាពល្អ និងបានរក្សាទុកដដែល ដោយគោរព ទៅតាមគោលការណ៍ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ។

លោក អន សុភាព បានបន្ថែមថា កំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត មានទំហំ១២ម៉ែត្របួនជ្រុង និងមានសណ្ឋានដូចគ្នា ទៅនឹងកំពង់ទឹកផ្នែកខាងត្បូងដែរ ហើយក្រុមការងារ នឹងខិតខំប្រឹងប្រែងជួសជុល ដើម្បីឈានទៅបញ្ចប់ នៅបំណាច់ឆ្នាំ២០២២ខាងមុខ៕

To Top