ភ្នំពេញ ៖ ក្រសួងព័ត៌មាន ស្នើឲ្យផ្សព្វផ្សាយបំផ្ទុះព្រឹត្តិការណ៍ទូទាំងប្រទេស «ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ ៣០០ថ្ងៃឆ្ពោះទៅ ASEAN Para Games ឆ្នាំ២០២៣» នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ តទៅ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅថ្ងៃទី៨ កក្កដា នាពេលដ៏ខ្លីខាងមុខនេះ គឺជាព្រឹត្តិការណ៍រាប់ថយ ក្រោយ ៣០០ថ្ងៃឆ្ពោះទៅ SEA Games- ASEAN Para Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ក្រសួង បានឲ្យដឹងថា «ដូច្នេះដើម្បីបើកមហាព្រឹត្តិការណ៍ ផ្សព្វផ្សាយជាតិនៅទូទាំងប្រទេស ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games 2023 សូមម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់សហការ ផ្សព្វផ្សាយបំផ្ទុះព្រឹត្តិការណ៍ ទូទាំងប្រទេស ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ ៣០០ ថ្ងៃឆ្ពោះ ទៅ SEA Games-ASEAN Para Games 2023 នៅថ្ងៃតែមួយគឺ ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង៥ព្រឹកតទៅ»។
ក្រសួង បន្ថែមថា ក្រោយថ្ងៃទី៨ កក្កដា ត្រូវបន្តផ្សព្វផ្សាយជាអតិប្បរមាដដែល រហូតដល់មានការណែនាំជាថ្មី។ ក្រសួង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នឹងសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ មានប្រសិទ្ធភាពខ្ពស់បំផុត៕