ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-ឡាវ នឹងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី នៅភ្នំពេញ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា-ឡាវ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ កក្កដា បានឲ្យដឹងថា នៅមុនកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ លោក សាលើមសៃ គុំម៉ាស៊ីត នឹង អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ រវាងកម្ពុជា និងឡាវ នឹងពិនិត្យឡើងវិញនូវ វឌ្ឍន ភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់ កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្ត ពង្រឹង និង ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាង ប្រទេស ទាំង ពីរ ដើម្បីផល ប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ គណៈកម្មការចម្រុះលើកទី១៤ សហប្រធានទាំងពីរ នឹងចុះ ហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា និងឡាវ ៕

To Top