ព័ត៌មានជាតិ

ប្រមុខការទូតមេគង្គ-ឡានឆាង ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ពង្រឹងសាមគ្គីភាព ឆ្ពោះទៅរកគោលដៅរួម

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង (MLC) បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹងសាមគ្គីភាព ដើម្បីឆ្ពោះទៅរកគោលដៅរួម ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងអស់ក្នុងតំបន់ ។

ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ។

ក្នុងកិច្ចប្ជុំនោះ រដ្ឋមន្ត្រីការបរទេសបានឯកភាពថា «កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនុតំបន់មេគង្គ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹងសាមគ្គីភាព ដើម្បីឆ្ពោះទៅរកគោលដៅរួមដែលនឹងផ្តល់ ផលប្រយោជន៍ដល់ប្រជាជន ទាំងអស់ក្នុងតំបន់» ។

បន្ទាប់ពីកិច្ចប្រជុំនេះ គឺមានពិធីដាក់បង្ហាញអគារ អង្គភាពសម្របសម្រួលថ្នាក់ជាតិ (មីយ៉ាន់ម៉ា) សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបទបង្ហាញវីដេអូខ្លីស្តីពី ប្រវត្តិសាស្រ្តនៃទីក្រុងបាហ្កាន ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានជំនួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះផងដែរ ៕

To Top