ភ្នំពេញ៖ ក្រោយកម្ពុជាបានដាក់សំណើ ទៅកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ា ឲ្យពិនិត្យពិចារណាផ្ទេរ លោកស្រី អោង សានស៊ូជី ត្រឡប់ទៅឃុំខ្លួននៅក្នុងផ្ទះវិញ ប្រទេសមហាអំណាចធំៗចំនួន៤ មានបារាំង អាមេរិក អឺរ៉ុប និងអូស្ត្រាលី បានសម្ដែងការកោតសរសើរចំពោះទឹកចិត្តកម្ពុជា ក្នុងនាមជាប្រធាន អាស៊ាននៅឆ្នាំ២០២២នេះ ។
កាលពីថ្ងៃ២ កក្កដា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោក Christian Lechervy ឯកអគ្គរដ្ឋទូតបារាំង , លោក Thomas L. Vajda ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក , លោក Ranieri Sabatucci ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងលោកស្រី Angela Corcoran ភារធារីនៃស្ថានទូតអូស្ត្រាលី ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ កក្កដា ស្តីពីលទ្ធផលទស្សនកិច្ចលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនទៅមីយ៉ាន់ម៉ា ។
សេចក្តីប្រកាសបានបញ្ជាក់ថា «កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃ 5PC និងការវាយតម្លៃលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាក្នុងផ្នែកមនុស្សធម៌ ជាពិសេសសារទំនាក់ទំនងចំនួនពីរនាពេលថ្មីៗ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើផ្ទេរ លោកស្រី អោង សានស៊ូជី ឲ្យត្រឡប់ទៅឃុំនៅក្នុងផ្ទះវិញ» ។
សូមបញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍នាថ្ងៃ២៧ មិថុនា លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន ចំពោះរបាយការណ៍ ស្តីពីការផ្ទេរលោកស្រី អោង សានស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារ នៅក្នុងទីក្រុងណៃពិដោ និងបានទទូចឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋានដែលជាទីតាំងលោកស្រី ត្រូវបានឃុំខ្លួនពីដំបូង ៕