ព័ត៌មានជាតិ

សម្តេចតេជោ នឹងបង្កើតកុង ABA ទទួលថវិកាពីពលរដ្ឋ ត្រឹម៥ម៉ឺន-១០ម៉ឺនរៀល ចូលរួមលុបបំបាត់មីន ឲ្យអស់នៅកម្ពុជា

ភ្នំពេញ ៖ ដើម្បីចូលរួមលុបបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងប្រទេស ដែលសេសសល់ពីសង្គ្រាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបើកកុងធនាគារ ABA ដើម្បីឲ្យសប្បុរសជនប្រជាពលរដ្ឋ ចូលរួមត្រឹម៥ម៉ឺនទៅ១០ម៉ឺនរៀល ដើម្បីលុបបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងទឹកដីកម្ពុជា ។

ក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់ដំបូន្មានមួយចំនួន ដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងចេញទៅប្រកួតកីឡា ពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងពី គម្រោងផ្តួចផ្តើមការវៃអង្គាសថវិកាពីសប្បុរសជន ដើម្បីចូលរួមកំចាត់មីន ឲ្យអស់ពីកម្ពុជានៅត្រឹមឆ្នាំ ២០២៥ ។ សម្តេចថា បន្ទាប់ពីការប្រកាសរបស់សម្តេច កាលពីប៉ុន្មានថ្ងៃមកនោះ មកដល់ថ្ងៃនេះ បានទទួលថវិការជិត១៥លានដុល្លារហើយ ។ តែសម្តេចថា ក្រៅពីក្រុមអ្នកឧកញ៉ា ចូលរួមបរិច្ចាគហើយនោះ ក៏មានពលរដ្ឋធម្មតាចង់ចូលរួមដែរ ។

សម្តេចគូសបញ្ជាក់ថា «ខ្ញុំតែងតែដាស់តឿនថា នៅពេលខ្ញុំបង្ហោះហ្វេសប៊ុក គេខមមិនចូល គេផ្តល់យោបល់ ឬចូលថវិកា។ ពិសេសនោះ លោក សេង ទៀត អ្នកកាន់ថវិកា គិតតែឧកញ៉ាចូលថវិកា តែគេចង់ចូលរួមថវិកា១០ម៉ឺនរៀល ២០ម៉ឺនរៀល គេចង់ជួយអត់ព្រមគិត។ គេស្នើសុំឲ្យសម្តេចបើកកុង ABA កុងនៅត្រង់ណាគេបាញ់ចូលរួមតែវា…»។

ជាមួយគ្នានោះដែរ សម្តេចក៏បានប្រកាសបើកកុង សម្រាប់ឲ្យសប្បុរសជន និងប្រជាពលរដ្ឋចូលរួមចំនួន៥ម៉ឺនរៀល ១០ម៉ឺនរៀល ២០ម៉ឺនរៀល ទៅតាមសន្ធាដើម្បីចង់ឲ្យប្រទេសលែងមានគ្រោះថ្នាក់ដោយគ្រាប់មីន ។ “អីញ្ចឹងយើងត្រូវបើក ហើយប្រកាសឲ្យគេដឹង គេចង់ចូលរួម ដើម្បីធ្វើឲ្យប្រទេសមួយនេះលែងមានគ្រោះថ្នាក់ដោយគ្រាប់មីនទៀត” ។

សម្តេចក៏បានលើកឡើងថា ត្រូវធ្វើកុងធនាគារ ហើយរងចាំមើលពេលធ្វើរួចហើយមានអ្នកចូលរួមបានចំនួនប៉ុន្មាន។ ខ្មែរនៅក្រៅប្រទេសចង់ចូល ប៉ុន្តែមិនដឹងចូលតាមណា ដូច្នេះនៅពេលប្រកាសបានទូលំទូលាយគេនឹងចូលរួមបន្តបន្ទាប់ទៀត ។

សម្តេចបញ្ជាក់ថា ពេលនេះ ស៊ីម៉ាក់បានកំពុងបើកកិច្ចប្រជុំធ្វើសកម្មភាពដោះមីន ដើម្បីឲ្យតំបន់មួយៗគ្មានមីន៕

To Top