ព័ត៌មានជាតិ

ឆមាសទី១ រកឃើញរថយន្តដឹកលើសទម្ងន់ ជាង ១ពាន់គ្រឿង និងពិន័យជាប្រាក់ ជិត៣ពាន់លានរៀល

ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ រកឃើញរថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ចំនួន ១ ៦៤៣គ្រឿង និងពិន័យជាទឹកប្រាក់សរុបប្រមាណ ២,៨ពាន់លានរៀល។

ក្នុងចំណោម រថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ចំនួន ១ ៦៤៣គ្រឿង បានផាកពិន័យនោះ រថយន្តចំនួន ២២០គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុកចំនួនមួយឆ្នាំ។

យោងតាមរបាយការណ៍របស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២២ ការអនុវត្តការងារលើការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ទទួលបានលទ្ធផល ដូចតទៅ ៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿងរថយន្តដឹកលើសទម្ងន់ ក្នុងកម្រិតអនុគ្រោះមានចំនួន ៥៩៩ ៧២១គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង ពិន័យទឹកប្រាក់ សរុបប្រមាណ ២,៨ ពាន់លានរៀល»។

ប្រភពដដែល បានបន្ដថា ការដឹកលើសទម្ងន់កម្រិត កំណត់ជាកត្តាចម្បងធ្វើឲ្យផ្លូវឆាប់ ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ ចរាចរណ៍ដល់អ្នកធ្វើដំណើរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានអំពាវនាវម្តងហើយម្តងទៀត ដល់អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកជញ្ជូនទំនិញលើសទម្ងន់ កម្រិតកំណត់ធ្វើឱ្យផ្លូវឆាប់ខូចឆាប់ រេចរិលមុនអាយុកាល មានជង្ហុកសម្បុកមាន់ បង្កគ្រោះថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើនក្នុងការជួសជុល និងថែទាំផ្លូវ។

ទាក់ទងនឹងការងារចុះឆ្មក់ ចាប់រថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់បាន និងកំពុងអនុវត្តទាំងយប់ទាំងថ្ងៃដូចភ្លៀង រលឹម ដើម្បីទប់ស្កាត់បទល្មើស ដឹកលើសទម្ងន់កម្រិតកំណត់ ដែលជាកត្តានាំឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សូមបញ្ជាក់ថា ក្នុងទិសដៅបន្ទាប់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងសិក្សាលទ្ធភាពសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមបណ្តារាជធានី-ខេត្ត និងផ្លូវជាតិសំខាន់ៗមួយចំនួន ព្រមទាំងបន្តការអប់រំផ្សព្វផ្សាយ បទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់ទិន្នន័យពីគ្រប់ស្ថានីយ ជញ្ជីងមកទីស្តីការក្រសួង៕

To Top