ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមក្នុងដំណើរ ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ប្រកបដោយមនសិការ ភាពស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ធ្វើ ឡើងនៅក្រុងព្រះសីហនុ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោត ដ៏សំខាន់មួយទៀតនោះ គឺ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧។ រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាឱ្យដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។
សម្ដេច បញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវ សូមអ្នកពាក់ព័ន្ធទាំងអស់មេត្តា បន្តចូលរួមនៅក្នុងកិច្ចដំណើរ ការរៀបចំការបោះឆ្នោត នាពេលខាងមុខ ប្រកបដោយមនសិការ ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់ ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាឱ្យចាក់គ្រឹះកាន់តែរឹងមាំនៅក្នុងសង្គមកម្ពុជាយើង ដើម្បីបន្តរួមគ្នាថែរក្សា និងពង្រឹងសុខសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» ។
លើសពីនេះ សម្ដេច ស ខេង បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់ ដើម្បីធានាបាននូវភាព ស៊ាំកាន់តែរឹងមាំ នៅក្នុងសហគមន៍ ដែលជាមូលដ្ឋានដល់ការបង្កលក្ខណៈសម្បត្តិកាន់តែល្អប្រសើរ ក្នុងដំណើរការសេដ្ឋកិច្ចជាតិ ដំណើរការរស់នៅ ជាប្រក្រតីរបស់ប្រជាពលរដ្ឋ និងចូលរួមក្នុងដំណើរការ នៃការបោះឆ្នោតនាឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន។
សម្ដេច ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាចូលរួមថែរក្សាសមិទ្ធផលនានា ហើយរួមគ្នាកសាង និងអភិវឌ្ឍនាពេលកន្លងមកនៅតាមមូលដ្ឋាន ជាពិសេសខិតខំរួមគ្នាអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយ ដោយរក្សាទុក នូវកេរមរតក «សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម» ៕