ព័ត៌មានជាតិ

ជនជាតិអាល្លឺម៉ង់ម្នាក់ បើកឧទ្ធម្ភាគចក្រមួយគ្រឿង បង្ខំចុះចតបន្ទាន់នៅស្រុករលាប្អៀរ ដោយសារអាកាសធាតុ មិនអំណោយផល (Video)

ភ្នំពេញ ៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានបង្ខំ ចុះចតនៅមាត់ទន្លេ ដើម្បីសុវត្ថិភាព ព្រោះតែធាតុអាកាសមិនអំណោយផល ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រាយការណ៍ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

តាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ក្រោយពេលកើតហេតុ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យក្រុមសមត្ថកិច្ចទៅអន្តរាគមន៍ និងដឹកយកអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ម្នាក់ ឈ្មោះ អេន ឌី មកសម្រាកនៅសណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ឆ្នាំង ។ ចំណែកឧទ្ធម្ភាគចក្រនោះ ត្រូវបានក្រុមសមត្ថកិច្ចនៅមូលដ្ឋាន ដាក់កម្លាំងការពារ យ៉ាងយកចិត្តទុកដាក់ នៅទីតាំងដែលឧទ្ធម្ភាគចក្របានចុះចត ។

តាមការបញ្ជាក់ពីអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ ប្រាប់សមត្ថកិច្ចថា រូបគាត់បើកហោះហើរតែម្នាក់ឯង ពីភ្នំពេញទៅខេត្តសៀមរាប។ ចំពោះមូលហេតុដែលចុះចតនេះ គឺដោយសារអាកាសធាតុ មេឃងងឹតមានខ្យល់ខ្លាំង។

សមត្ថកិច្ចនៅមូលដ្ឋានបានឲ្យដឹងថា យន្តហោះនេះនឹងត្រូវហោះឡើង នៅព្រឹកថ្ងៃទី៨ ខែកក្កដា ដើម្បីហោះហើរ ទៅកាន់គោលដៅ ទៅខេត្តសៀមរាប៕

To Top