ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២២) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្រោយការចុះបញ្ជីរួចហើយ ប្រាសាទនេះ បានក្លាយជាតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយសម្រាប់កម្ពុជា។
សម្តេចតេជោថា ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារ ជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយ សម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិផងដែរ។ សម្តេចបានស្នើឲ្យពលរដ្ឋចូលរួមថែរក្សា ការពារប្រាសាទបុរាណទាំងអស់ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់ ។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
ប្រាសាទសម្បូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ ។ ប្រាសាទនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសែន មានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រ ពីរាជធានីអង្គរ នៃខេត្តសៀមរាប និងមានចម្ងាយ ប្រហែល១៧០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ៕