ព័ត៌មានជាតិ

ក្រសួងសាធារណការ អំពាវនាវម្ចាស់យានយន្ដគ្រប់ប្រភេទ កុំឆ្លៀតឱកាសប្រមូលផ្ដុំ ទាមទារលើកលែង ការកែច្នៃយានយន្ដខុស លក្ខណៈបច្ចេកទេស (Video)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់សាធារណជន ជាម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ កុំឆ្លៀតឱកាសប្រើប្រាស់ ការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឲ្យមានការលើកលែង លើលក្ខខណ្ឌណាមួយ ពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ។

ការស្នើរបស់ក្រសួងនេះ ក្រោយពីរាជរដ្ឋាភិបាលបានឯកភាព សម្រេចផ្ដល់ការអនុគ្រោះដល់ម្ចាស់រថយន្តចង្កូតស្តាំឲ្យត្រឹមតែបង់ពន្ធ ដោយមិនបាច់កែចង្កូតស្តាំមកឆ្វេងនោះ ត្រូវបានម្ចាស់រថយន្ដធុនធំដែលបានកែចង្កូតមកឆ្វេង និងបង់ពន្ធរួច កាលពីថ្ងៃទី៧ កក្កដា បានតវ៉ាស្នើសុំរាជរដ្ឋាភិបាលឲ្យម្ចាស់ រថយន្ដចង្កូតស្ដាំមិនទាន់បង់ពន្ធ ត្រូវកែចង្កូតមកឆ្វេង រួចបំពេញកាតព្វកិច្ចបង់ពន្ធដូចពួកគាត់ ព្រោះកាលនោះពួកគាត់បានចំណាយថវិកាច្រើន លើការកែចង្កូតពីស្ដាំមកឆ្វេង ។

យោងតាមសេចក្ដីជូនដំណឹងក្រសួងសាធារណៈការ នាថ្ងៃទី៧ កក្កដា បង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងនៅតែប្រកាន់ស្មារតីបន្តការចូលរួមសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅកម្ពុជា ដោយរក្សាបានសណ្តាប់ធ្នាប់សាធារណៈ មិនត្រូវធ្វើការប្រមូលផ្តុំប្តឹងតវ៉ាដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត ធ្វើឲ្យប៉ះពាល់ដល់ពេលវេលាផលប្រយោជន៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋផ្សេងៗទៀត។

ក្រសួងបញ្ជាក់ថា «សូមអំពាវនាវដល់សាធារណជន ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តាកុំឆ្លៀតឱកាសប្រើប្រាស់ការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឲ្យមានការលើកលែងលើលក្ខខណ្ឌណាមួយ ពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឲ្យមានកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឲ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់»៕

To Top