ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំណូល​ មិនមែនសារពើពន្ធ

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានអនុម័តលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”។

ចំណូលមិនមែនសារពើពន្ធ មានវិសាលភាពធំទូលាយ និងមានប្រភពចំណូលបានមកពីវិស័យ និងសកម្មភាពជាច្រើន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង ការតាមដាន និងការជំរុញការប្រមូលចំណូល។ ការប្រមូលពន្ធមិនមែនសារពើពន្ធ នៅមុខស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រេចបានជាមធ្យមប្រមាណជាង ២% នៃផ.ស.ស និងបានរួមចំណែកប្រមាណ ១៤% នៃចំណូលចរន្តសរុប។ នៅឆ្នាំ២០១៩ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ ៣% នៃផ.ស.ស ស្មើនឹង ១២៣,១% នៃច្បាប់ហិរញ្ញវត្ថុ។

នៅឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ ២% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ២៥,៥%។ ដោយឡែកនៅឆ្នាំ២០២១ សម្រេចបានប្រមាណ ១,៥% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩% ដោយសារមុខចំណូលសំខាន់ៗ តាមវិស័យត្រូវរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មានជាអាទិ៍៖ ចំណូលពីផលទុនទេសចរណ៍ ចំណូលពីទិដ្ឋាការ ចំណូលពីអាកាសចរណ៍ស៊ីវិល ចំណូលពីកាស៊ីណូ និងឆ្នោត ចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះ ចូលរួមចំណែកប្រមាណ ៥០% នៃចំណូលមិនមែនសារពើពន្ធសរុប។

ទន្ទឹមនឹងនេះ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបានគ្រោងប្រមាណ ១,៥% នៃផ.ស.ស មានការថយចុះ ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។ ទោះបីចំណូលមិនមែនសារពើពន្ធ ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃចំណូលថវិកាជាតិ ប៉ុន្តែចំណូលមិនមែនសារពើពន្ធ ជាប្រភេទចំណូលតាមវិស័យ ដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង និងការប្រមូលមិ្នទាន់អស់សក្ដានុពល ដោយសារពុំទាន់មានក្របខ័ណ្ឌគតិយុត្តគោលមួយ សម្រាប់ធានាឲ្យការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធអសក្ដានុពល និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

To Top