បច្ចេកវិទ្យា

អ្នកប្រើប្រាស់ iPad mini 6 គួរតែពន្យាពេលធ្វើបច្ចុប្បន្នភាព កម្មវិធី iPadOS ជំនាន់ 15.5

ភ្នំពញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែធ្វើការតាមដានទាក់ទងនឹងបញ្ហាដែលអ្នកប្រើប្រាស់មួយចំនួន បានរាយការណ៍ថា iPad mini 6 របស់ពួកគេឈប់សាកថ្ម បន្ទាប់ពីត្រូវបានធ្វើបច្ចុប្បន្នភាព ទៅ iPadOS 15.5 ។ នេះបើយោងតាម ឯកសារដែលបានផ្ញើទៅឲ្យក្រុមហ៊ុន ផ្ដល់សេវាកម្មជួសជុលឧបករណ៍ របស់ក្រុមហ៊ុន Apple។

នៅក្នុងឯកសារ ក្រុមហ៊ុនបានណែនាំទាំងអ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មជួសជុល ធ្វើការបិទបើកឧបករណ៍ដើម្បីដោះស្រាយបញ្ហាជាបណ្ដោះអាសន្ន ខណៈដែលក្រុមហ៊ុនកំពុងតែធ្វើការស្រាវជ្រាវ និងកែសម្រួលបញ្ហានេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ទៀតដែរថា ការផ្លាស់ប្ដូរឧបករណ៍ ឬប្ដូរថ្មនឹងមិនដោះស្រាយបញ្ហានេះទេ។ ដូច្នេះវាគឺជាបញ្ហាដែលទាក់ទងទៅនឹងភាពចន្លោះប្រហោងរបស់កម្មវិធី ដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iPadOS 15.5។

ផ្ទាំងពាណិជ្ជកម្ម

ដូច្នេះដើម្បីចៀសវាងពីបញ្ហានេះ អ្នកប្រើប្រាស់ គួរតែពន្យារពេលធ្វើបច្ចុប្បន្នភាព កម្មវិធី iPadOS សម្រាប់ iPad mini 6។ ម៉្យាងវិញទៀត លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរការកំណត់របស់ឧបករណ៍ ដើម្បីកុំឲ្យវាធ្វើបច្ចុប្បន្នភាព ដោយស្វ័យប្រវត្តិ ដោយចូលទៅក្នុង Settings > General > Software Update > ហើយបិទ Automatic Updates៕

To Top