ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ស្នើជួបប្រធានគ.ជ.ប ពិភាក្សាភាពមិនច្បាស់លាស់ នៃភាគីមួយចំនួន ក្នុងគោលបំណង កែលម្អការបោះឆ្នោត

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើសុំជួបលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីពិភាក្សាពីភាពមិនច្បាស់លាស់នៃភាគីមួយចំនួន អំពីកិច្ចការបោះឆ្នោត ក្នុងគោលបំណងកែលម្អការបោះឆ្នោតឲ្យកាន់តែប្រសើរ។

តាមរយៈលិខិតមួយច្បាប់ របស់លោកពេជ្រ ស្រស់ ផ្ញើទៅលោកប្រាជ្ញ ចន្ទ នៅថ្ងៃ៨ កក្កដា បានឲ្យដឹងថា “ខ្ញុំបានផ្ញើលិខិតស្នើជួបជាមួយនឹងឯកឧត្តម ប្រាជ្ញ ចន្ទ ក្នុងនាមគណបក្សយុវជនកម្ពុជា ដើម្បីពិភាក្សាអំពីភាពមិនច្បាសលាស់ នៃភាគីមួយចំនួន អំពីកិច្ចការបោះឆ្នោត ក្នុងគោលបំណងកែលម្អ ឲ្យការបោះឆ្នោតកាន់តែប្រសើរ ជាពិសេស គឺយើងប្រើវប្បធម៌ ជួបជជែកផ្ទាល់មុខ ប្រសើរជាងវាយប្រហារគ្នា ដោយភាពមិនច្បាស់លាស់ ធ្វើឲ្យកើតអរិភាពរវាងគ្នានឹងគ្នា” ។

នៅមិនទាន់ដឹងថា ភាគីទាំង២នឹងជួបគ្នានៅថ្ងៃណាមួយនោះទេ ព្រោះខាងគ.ជ.ប មិនទាន់់ឆ្លើយតប ។

ការស្នើជួបរបស់ពេជ្រ ស្រស់នេះ ក្រោយគណបក្សនយោបាយចំនួន៤រួមមាន ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសនឹងរៀបចំសន្និសីទ សារព័ត៌មានរួមគ្នា ក្នុងគោលបំណងបង្ហាញពីផែនការ នៃការតស៊ូមតិ លើសំណើកែលម្អ ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top