ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព លោក Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្រុងណារ៉ា ។
សូមរំលឹកថា លោក Shinzo Abe អតីនាយករដ្ឋមន្រ្តីជប៉ុន បានរងការវាយប្រហារ ពីខ្មាន់កាំភ្លើងចំទ្រូង ក្នុងពេលថ្លែងសុន្ទករថា ក្នុងព្រឹត្តិការណ៍យុទ្ធនាការរកសំឡេងឆ្នោតព្រឹទ្ធសភា ក្នុងតំបន់ Nara ខេត្ត Nara នៅម៉ោង១១និង៣០នាទីព្រឹក ម៉ោងនៅជប៉ុន ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “ក្នុងនាមជាជនជាតិខ្មែរម្នាក់ ខ្ញុំសូមលំអោនកាយ គោរពនិងដឹងគុណលោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលលោក បានជួយអភិវឌ្ឍន៏ប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី ក៏ដូចជា អន្តរជាតិ”។
លោក សយ សុភាព បញ្ជាក់ថា “ខ្ញុំពិតជាតក់ស្លុត ក្រោយបានឃើញព័ត៏មានផ្សាយ ពីលោកត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារ លោក ពេលកំពុងធ្វើយុទ្ធនាការឃោសនា តាមប្រព័ន្ធបញ្ជូនApp នៅលើទូរស័ព្ទ ដៃរបស់ខ្ញុំ។ លោក អាបេគឺជា អតីតមេដឹកនាំជប៉ុន ដ៏គួរឱ្យគោរព ជាទីបំផុត”។
លោកអាបេ ធ្លាប់បានបំពេញទស្សនៈកិច្ច ទាំងផ្លូវការ និងក្រៅផ្លូវការនៅប្រទេសកម្ពុជានាពេលកន្លងមក។
នៅក្នុងឱកាស ដ៏មហាទុក្ខសោកនេះ លោក សយ សុភាព សូម លំអោនកាយគោរពវិញ្ញាណខន្តនៃសព ជាមួយក្រុមគ្រួសារ និង ជនជាតិជប៉ុន សូមវិញ្ញាណខន្ត លោកបានអញ្ជើញទៅ សោយសុខនាឋានបរមលោក កុំបីឃ្លាងឃ្លៀតឡើយ៕