ព័ត៌មានជាតិ

ពីថ្ងៃ១១-១៤កក្កដា កម្ពុជា រងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ពីថៃ-ចិន ធ្វើឲ្យមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១១-១៤ខែកក្កដា ខាងមុខ កម្ពុជារងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ពីប្រទេសថៃ និងអូសបន្លាយពីប្រទេសចិន ដែលធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយ លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម។

យោងតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក បានលើកឡើងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZដែលអូសបន្លាយពីប្រទេសថៃ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយនិងមូសុងនិរតី បក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តារាជធានី-ខេត្ត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងបន្តថា ក្នុងនោះ នៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យផ្នែកមួយចំនួនក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះ ជំនន់ទឹកភ្លៀង ។ ទន្ទឹមនោះ នៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

ក្រសួងបានអំពាវនាវ ដល់សាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕

To Top