ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជា តាំងចិត្តឈរលើគោលការណ៍ សន្តិសហវិជ្ជមាន ចូលរួមដោះស្រាយបញ្ហានានា ដែលអាចកើតឡើង ជាយថាហេតុក្នុងតំបន់ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា កម្ពុជា មានការតាំងចិត្តខ្ពស់ ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងស្មើមុខ ស្មើមាត់ រួមចំណែកដល់ការដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើង ជាយថាហេតុនៅក្នុងតំបន់ ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ សម្ដេចតេជោបានប្រសាសន៍ថា «ក្នុងនាមជាប្រធានប្តូរវេន នៃស្ថាប័នតំបន់ទាំងពីរ កម្ពុជាមានការតាំងចិត្តខ្ពស់ ឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងស្មើមុខ ស្មើមាត់ រួមចំណែកដល់ការដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុ នៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿននៃការអភិវឌ្ឍ សម្រាប់ជោគវាសនា និងវិបុលភាពរួម»។

សម្រាប់ពាក់ព័ន្ធកីឡាវិញ សម្ដេចតេជោគូសបញ្ជាក់ថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យទំនាក់ទំនងអន្តជាតិ។ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រៀងរាល់២ឆ្នាំម្តង ឆ្លុះបញ្ចាំងឲ្យឃើញ ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជាសមាជិកទាំងអស់។

សម្ដេចតេជោបន្ថែមថា វិស័យកីឡាក៏ជាឱកាសផ្តល់ការផ្លាស់ប្តូរ ទាំងបច្ចេកទេស និងបទពិសោធន៍ ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ និងជាសិល្បៈការពារខ្លួន របស់ប្រជាជាតិនីមួយៗ។ ការប្រកួតជាលក្ខណៈអន្តរជាតិនេះ ក៏ជាការបំផុសស្មារតី មហាជនឲ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់ កិត្តិសព្ទកីឡា របស់ប្រទេសសមាជិកនីមួយៗ ឲ្យកាន់តែល្បីល្បាញ នៅលើឆាកអន្តរជាតិ។

សម្ដេចតេជោបញ្ជាក់ថា ទន្ទឹមកីឡាក៏រួមចំណែក ដល់ការរក្សាបានសុខភាពល្អ ដែលជាកត្តាកំណត់ នៃផលិតភាពសេដ្ឋកិច្ច។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស ដែលរួមចំណែកដល់ការផ្គត់ផ្គង់ កម្លាំងពលកម្ម មានគុណភាពខ្ពស់។

លើសពីនេះ សម្ដេចតេជោថា សកម្មភាពអប់រំកាយ និងកីឡាមានសារៈសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្តជ្រះថ្លា និងការងារបង្កើនបញ្ញាឈ្លាសវៃ ព្រមទាំងលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ៕

To Top