ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជាមានមហិច្ឆតា ទទួលស្វាគមន៍ភ្ញៀវ និងប្រតិភូកីឡាជាតិ-អន្ដរជាតិ ដោយភាពកក់ក្ដៅ នាឱកាសប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីមហិច្ឆតាខ្ពស់ ក្នុងរៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ កម្ពុជា បានខកខានចាប់យកឱកាសនេះ ជាច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួន ប្រកបដោយសមត្ថភាពពេញលេញ និងកៀរគរធនធានចាំបាច់គ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់ ដ៏ធំនេះឲ្យបានល្អ និងរលូន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។

សម្ដេចតេជោបញ្ជាក់ថា «ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាមានមហិច្ឆតារៀបចំ ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។

សម្ដេចតេជោ បានរំលឹកទៀតថា នយោបាយគ្មានស្តង់ដារពិតប្រាកដនោះទេ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយ ល្អប្រសើរ និងការរួមចំណែកយ៉ាងសំខាន់ ដល់សុខសន្តិភាព និងស្ថិរភាពសង្គម ៕

To Top