ព័ត៌មានជាតិ

សម្តេចតេជោ នឹងអញ្ជើញសរសេរសារ រំលែកទុក្ខមរណភាព លោក អាបេ នារសៀលនេះ នៅទូតជប៉ុន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២នេះ នឹងអញ្ជើញទៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដើម្បីចូលរួមសរសេរសាររំលែកទុក្ខ ចំពោះមរណភាព លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ។

លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពនៅម៉ោង ប្រមាណជា៣រសៀល (ម៉ោងនៅជប៉ុន) បន្ទាប់ពីបានរងការវាយប្រហារ និងហូរឈាម ពីខ្មាន់កាំភ្លើងចំទ្រូង ក្នុងពេលថ្លែងសុន្ទករថា ក្នុងព្រឹត្តិការណ៍យុទ្ធនាការ រកសំឡេងឆ្នោតព្រឹទ្ធសភា ក្នុងតំបន់ Nara ខេត្ត Nara នៅម៉ោង១១និង៣០នាទីព្រឹក ។

ក្រោយមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនភ្លាមៗ ធ្វើឲ្យប្រទេសនានា ក្នុងពិភពលោក រួមទាំង កម្ពុជាផងដែរនោះ មានក្តីរន្ធត់ជាខ្លាំង ។

ក្នុងនាមទូតជប៉ុនប្រចាំកម្ពុជា សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជន ចូលរួមសរសេរសាររំលែកទុក្ខ ចំពោះមរណភាព របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ។ ក្នុងនោះ សា្ថនទូតជប៉ុននៅភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច) ។

ចំណែក ការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា រហូតដល់ថ្ងៃ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)៕

To Top