ភ្នំពេញ : យុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង» ដែលស្ថិតនៅឆ្នេរអូរឈើទាល ១ ខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ ។
លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ មានប្រសាសន៍ថា «យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង» នៅធ្នេរនេះ គឺធ្វើឡើងក្នុង គោលបំណង ធ្វើឱ្យឆ្នេរសមុទ្រស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យកាន់តែច្រើនទៅលេងកម្សាន្ត នៅធ្នេរ ខណៈកម្ពុជាត្រៀមខ្លួន ទទួលរៀបចំបុណ្យសមុទ្រ និងធ្វើជាម្ចាស់ផ្ទះក្លឹបឆ្នេរ សមុទ្រ ដែលស្អាតជាងគេលើពិភពលោក ក្នុងខែធ្នូខាងមុខនេះ ។ លោកបញ្ជាក់ថា «ការចូលរួមទាំងវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ មានសារសំខាន់ណាស់ ក្នុងការចូលរួមធ្វើឱ្យឆ្នេរស្អាត កម្ពុជាស្អាត»។
លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន ខេមប្រ៊ូវ បានប្តេជ្ញាចូលរួម ជាចំណែកមួយក្នុង ចលនាធ្វើឱ្យឆ្នេរសមុទ្រស្អាត សំដៅជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នូវទម្លាប់នៃការចោលសំរាម។ លោកបានថ្លែងថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពក្នុងកិច្ចការពារបរិស្ថាន» ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត បាននិងកំពុងជំរុញចលនាពីគ្រប់មហាជន ក្នុងការគិតគូរ ឱ្យបានដិតដល់អំពីទិដ្ឋភាព សណ្តាប់ធ្នាប់ បរិស្ថាន ភាពស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍន៍និងការគ្រប់គ្រងទីក្រុង ដើម្បីផ្តល់នូវផាសុកភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលទៅទស្សនា និងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ។ លោកបញ្ជាក់ថា «ដើម្បីសម្រេចបាន នូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានកិច្ចសហការល្អ ពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ក្នុងការចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ ពីទម្លាប់នៃការចោលសំរាម »។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំបុណ្យសមុទ្រឡើងវិញ នៅចុងឆ្នាំនេះ ដោយផ្តើមនៅក្រុងព្រះសីហនុ បន្ទាប់ពីខកខាន រយៈពេល២ឆ្នាំ ដោយការរំខានពីការរាតត្បាត នៃជំងឺកូវីដ-១៩ ដើម្បីទាញកំណើនភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ឱ្យបានច្រើនឡើងវិញ៕